ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពីការព្យាករណ៍អាកាសធាតុលើកទី២ របស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយនៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៤ នេះបង្ហាញថា នារដូវប្រាំងចាប់ពីខែមីនា ដល់ដើមរដូវវស្សា ខែឧសភា ឆ្នាំ២០២៤ អត្រានៃបាតុភូតអែលនីណូ (El Nino) ខ្ពស់ជាង ៧០% នៅបន្តមានឥទ្ធិពលនៅលើតំបន់ជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក។
ចាប់ពីខែឧសភា ឆ្នាំ២០២៤ តទៅ អត្រានៃបាតុភូត អែលនីណូ (El Nino) នឹងថយចុះមកនៅត្រឹម២០% ដោយជំនួសមកវិញនូវស្ថានភាពអព្យាក្រឹត (ENSO-Neutral)។
ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ស្ថានភាពអាកាសធាតុនៅកម្ពុជានៅរដូវប្រាំង សីតុណ្ហភាពនៅទូទាំងប្រទេសនឹងឡើងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ដែលជាកត្តាធ្វើឱ្យអាកាសធាតុក្តៅហើយស្ងួត។
បរិមាណទឹកភ្លៀងនឹងទាបជាងមធ្យមភាគច្រើនឆ្នាំ ហើយភ្លៀងកក់ខែធ្លាក់តិចតួច ដោយតិចជាងឆ្នាំ២០២៣ ជាមួយគ្នានឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលកើតឡើងច្រើន។
ដោយឡែក នៅដើមរដូវវស្សា ២០២៤ សីតុណ្ហភាពស្មើ ឬខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណទឹកភ្លៀងនឹងទាបជាងមធ្យមភាគច្រើនឆ្នាំ ហើយមិន សូវរាយប៉ាយ រួមជាមួយនឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន។
ក្រសួងធនធានទឹក និងឧតុនិយម ក៏បានប្រកាសដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋចូលរួមសហការប្រើប្រាស់ទឹកដោយ សន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាជនបទដែលនៅឆ្ងាយពីប្រភពទឹក។
ជាមួយគ្នានោះក្រសួងក៏អំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះអាកាសធាតុក្តៅហើយស្ងួត បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានច្រើននៅក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២៤នេះ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ