ភ្នំពេញ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា Adware គឺជាកម្មវិធីដែលផ្តល់ការរំខាននៅលើកុំព្យូទ័រ ឬទូរសព្ទដោយភ្ជាប់មកជាមួយការផ្សាយពាណិជ្ជកម្ម។
លោកអ្នកប្រហែលជាធ្លាប់បានជួបប្រទះជាញឹកញាប់រួចមកហើយនូវផ្ទាំងពាណិជ្ជកម្មដែលលេចឡើងនៅលើអេក្រង់ទូរសព្ទ ឬកុំព្យូទ័រនៅពេលដែលលោកអ្នកចូលទៅកាន់គេហទំព័រ ឬទាញយកកម្មវិធីផ្សេងៗ មកប្រើប្រាស់ដោយមិនគិតថ្លៃ។
ទោះបីជា Adware ហាក់បីជាមិនផ្តល់ការរំខានធ្ងន់ធ្ងរក៏ពិតមែន ប៉ុន្តែវាក៏អាចនាំឱ្យមានហានិភ័យកើតឡើងចំពោះឧបករណ៍បច្ចេកវិទ្យា និងឯកជនភាពរបស់លោកអ្នកផងដែរ។ ហានិភ័យទាំងនោះរួមមាន៖
- បញ្ហាឯកជនភាព៖ Adware អាចតាមដានសកម្មភាពរុករក (browsing activity) និងសកម្មភាពលើប្រព័ន្ធអ៊ីនធឺណិតរបស់លោកអ្នក ដើម្បីកំណត់នូវបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន ដែលអាចប៉ះពាល់ដល់ឯកជនភាពរបស់លោកអ្នក។
- បញ្ហាសុវត្ថិភាព៖ Adware អាចបង្កប់នូវមេរោគ ឬនាំលោកអ្នកចូលទៅកាន់គេហទំព័រដែលមានមេរោគ ដែលអាចធ្វើឱ្យឧបករណ៍បច្ចេកវិទ្យារបស់លោកអ្នកប្រឈមនឹងការឆ្លងមេរោគទាំងនោះ។
- ផលប៉ះពាល់ដល់ឧបករណ៍បច្ចេកវិទ្យា៖ ធ្វើឱ្យកុំព្យូទ័រ ឬទូរសព្ទលោកអ្នកមានការរអាក់រអួល ដើរយឺត ឬអាចគាំងតែម្តង។
ហេតុនេះដើម្បីការពារខ្លួនរបស់លោកអ្នកពីហានិភ័យដែលអាចកើតឡើង ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមធ្វើចែករំលែកវិធីសាស្ត្រការពារដូចខាងក្រោម៖
- បង្កើនការប្រុងប្រយ័ត្ននៅពេលដំឡើងកម្មវិធីណាមួយលើឧបករណ៍បច្ចេកវិទ្យារបស់លោកអ្នក
- ប្រើប្រាស់កម្មវិធីកំចាត់មេរោគ (Anti-Malware Program) ដែលមានលទ្ធភាពក្នុងការចាប់យក និងបំបាត់មេរោគច្បាស់លាស់
- ជៀសវាងចុចចូលតំណភ្ជាប់ផ្តេសផ្តាស និងប្រុងប្រយ័ត្ននៅពេលទាញយកឯកសារពីគេហទំព័រដែលមានប្រភពមិនច្បាស់លាស់៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ