ភ្នំពេញ ៖ កម្ពុជា-វៀតណាម-ឡាវ បានបន្តផ្តល់កិច្ចសហការ និងសម្របសម្រួលទៅវិញទៅមក ក្នុងការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ទម្រង់ សំដៅធានាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា នាថ្ងៃទី២៩ មីនា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា, ឧត្តមសេនីយ៍ឯក តូ ឡឺម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម និងនាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វូង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរវាងក្រសួងទាំងបី។

បន្ទាប់ពីការផ្លាស់ប្តូរយោបល់លើសភាពការណ៍ទូទៅនៃសកលលោក និងតំបន់ ព្រមទាំងការចែក រំលែកបទពិសោធតាមរយៈការធ្វើបទអន្តរាគមន៍ អង្គប្រជុំក៏បានអនុម័តសេចក្តីប្រកាសរួម ដែលគូសបញ្ជាក់ អំពីការប្តេជ្ញាចិត្តទៅលើកិច្ចការសំខាន់ៗមួយចំនួនបន្ថែមទៀត រួមមាន៖

១- បន្តផ្តល់កិច្ចសហការ និងការសម្របសម្រួលទៅវិញទៅមក ក្នុងការងារប្រយុទ្ធប្រឆាំងបទល្មើស គ្រប់ទម្រង់ សំដៅធានាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម បម្រើដល់ផលប្រយោជន៍ទៅវិញទៅមកនៃ ការអភិវឌ្ឍ និងវិបុលភាពសម្រាប់ប្រទេសទាំងបី ក៏ដូចជារួមចំណែកដល់ការថែរក្សាសន្តិសុខ និងភាព សុខដុមរមនាសម្រាប់តំបន់អាស៊ានផងដែរ។

២- បន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន គ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ការជួញដូរ-រត់ពន្ធមនុស្ស ទេសន្តរប្រវេសន៍ខុសច្បាប់ អំពើភេរវកម្ម និងបទល្មើសបច្ចេកវិទ្យា ព្រមទាំងបង្កើនការផ្លាស់ប្តូរព័ត៌មានប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។


៣-ជំរុញអាជ្ញាធរខេត្តជាប់ព្រំដែននៃប្រទេសទាំងបី ឱ្យបន្តសហការបានជិតស្និទ្ធក្នុងការងារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ស្ថិរភាព និងសុវត្ថិភាពនៅតាមតំបន់ព្រំដែន ជាពិសេសផ្សព្វផ្សាយអប់រំដល់ប្រជា ពលរដ្ឋឱ្យយល់ដឹងពីបទប្បញ្ញត្តិពាក់ព័ន្ធនឹងព្រំដែន សំដៅប្រែក្លាយតំបន់ព្រំដែនជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ រួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាម បណ្តាខេត្តជាប់ព្រំដែន ព្រមទាំងការបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងបី។

៤- បន្តគាំទ្រគ្នាទៅវិញទៅមកលើវេទិកាថ្នាក់តំបន់ និងអន្តរជាតិ ជាពិសេសក្នុងឱកាសដែលប្រទេស ឡាវទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ២០២៤ និងបន្តជំរុញអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យពាក់ព័ន្ធ រវាងភាគីទាំងបីក្នុងក្របខណ្ឌអាស៊ាន ដែលប្រទេសនីមួយៗត្រូវរៀបចំ និងធ្វើជាម្ចាស់ផ្ទះ។

សូមរំលឹកថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដឹកនាំដោយ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងដាណាំង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨-៣០ ខែមីនា ឆ្នាំ២០២៤៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ