ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានបើកប្រតិបត្តិការរយៈពេល ២ថ្ងៃ ចុះបង្ក្រាបទីតាំងល្បែងអនឡាញខុសច្បាប់ចំនួន ២ទីតាំង ក្នុងក្រុងព្រះសីហនុ ដោយចាប់ខ្លួនមនុស្សជម្រុះជាតិសាសន៍ជាង ៤០០នាក់ ភាគច្រើនជាជនជាតិបរទេស។

ប្រតិបត្តិការនេះ ធ្វើឡើងតាមអនុវត្តតាមសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ និងលិខិតបង្គាប់ការរបស់ក្រសួងមហាផ្ទៃ ក្រុមការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed online) បានធ្វើការចុះប្រតិបត្តិការ នៅក្នុងខេត្តព្រះសីហនុ។

ប្រតិបត្តិការចាប់ផ្តើមរយៈពេល ២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែមីនា។

នៅថ្ងៃទី៩ ខែមីនា ប្រតិបត្តិការ លើអតីតកាស៊ីណូមួយកន្លែង ក្នុងក្រុងព្រះសីហនុ រកឃើញជនបរទេស ១៧២ នាក់ (ស្រី៤៣នាក់), មាន ៤សញ្ជាតិ (វៀតណាម ១០៩នាក់ (ស្រី១៧នាក់), ថៃ៥៤នាក់ (ស្រី២៤នាក់), ចិនតៃវ៉ាន់ ៨នាក់(ស្រី២នាក់) និង ចិន១នាក់។
 
ក្រៅពីនេះ អ្នកគ្រប់គ្រងចំនួន ៥នាក់ (ស្រី២នាក់) មាន២សញ្ជាតិ ជនជាតិចិនតៃវ៉ាន់ ៤រូប (ស្រី២នាក់) និង ចិន១នាក់ កំពុងបន្តនីតិវិធីកសាងសុំណុំរឿងទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមច្បាប់ជាធរមាន។ សម្រាប់ជនបរទេសចំនួន ១៦៧នាក់ (ស្រី៤១នាក់) មាន៣សញ្ជាតិ (វៀតណាម១០៩នាក់ ថៃ ៥៤នាក់ ចិនតៃវ៉ាន់ ៤នាក់) បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមបណ្តេញចេញ។

ចំណែកទីតាំងទី២ នៅថ្ងៃទី១០ ខែមីនា ប្រតិបត្តិការបង្រ្កាបទីតាំងទី២ រកឃើញជនជាតិខ្មែរចំនួន ២៧៩ នាក់ (ស្រី២២៧នាក់) និង រកឃើញជនបរទេសចំនួន ២៨នាក់ (ស្រី៣នាក់) មាន២សញ្ជាតិ (ចិន ២៧នាក់, មីយ៉ាន់ម៉ា១នាក់)។ សម្រាប់ជនបរទេសចំនួន ២៨នាក់ (ស្រី៣នាក់) មាន២សញ្ជាតិ (ចិន ២៧នាក់ មីយ៉ាន់ម៉ា១នាក់) បានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមបណ្តេញចេញ។

សូមបញ្ជាក់ថា គោលបំណង នៃប្រតិបត្តិការនេះ គឺលុបបំបាត់ឱ្យអស់នូវទីតាំងដែលមានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed Online) គ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ