ភ្នំពេញ ៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វព្រៃជាច្រើនប្រភេទ ត្រូវបានរកឃើញនៅតំបន់ទេសភាពភ្នំថ្មកំបោរ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង ដោយថនិកសត្វប្រភេទមានដោយកម្រ និងប្រភេទមានដោយបង្គួរ។


សត្វព្រៃជាច្រើនប្រភេទនេះ ត្រូវបានរកឃើញ រួមមាន ៖ សត្វកែះ ឆ្មាដាវ ឆ្កែចចក ក្តាន់ញ៉ែងតូច ប្រម៉ា សំពោចក្រអូប ឈ្លូស ស្វាត្រោស ស្វាក្ដាម កន្ថឹក មាន់ព្រៃជាដើម។ ការបង្ហាញនេះ បន្ទាប់ពីមន្រ្តីជំនាញរបស់ក្រសួងបរិស្ថាន និងអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា (FFI) សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង អាជ្ញាធរ និងសហគមន៍មូលដ្ឋាន បានចុះដាក់ម៉ាស៊ីនថតស្វ័យប្រវត្ត ចំនួនជាង៣០គ្រឿង កាលពីខែមករា ឆ្នាំ២០២៤ នៅតំបន់ទេសភាពភ្នំថ្មកំបោរ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង ដើម្បីប្រមូលទិន្នន័យជីវចម្រុះក្នុងការគាំទ្រផែនការអភិរក្សការការពារភ្នំថ្មកំបោរ ក្រោមជំនួយឧបត្ថម្ភថវិកាដោយសហភាពអឺរ៉ុប ក្រោមគម្រោង «ការអភិរក្សជីវៈចម្រុះ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺឆ្លង»។



ថ្លែងប្រាប់អ្នកសារព័ត៌មាន នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ លោក ខ្វៃ អាទិត្យា បានបញ្ជាក់ជាមួយការបង្ហាញពីមោទកភាពចំពោះក្រុមការងារស្រាវជ្រាវរបស់មន្រ្តីជំនាញក្រសួងបរិស្ថាន និងអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា(FFI)  រួមជាមួយអ្នកពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រឺងការសិក្សាស្រាវជ្រាវ ប្រមូលចងក្រងទិន្នន័យប្រភេទសត្វព្រៃ ដែលមានវត្តមាន នៅក្នុងតំបន់អភិរក្សរបស់ប្រទេសកម្ពុជា ដើម្បីជាប្រយោជន៍សម្រាប់ការអភិរក្ស និងសម្រាប់ការយល់ដឹងរបស់សាធារណេជន។



អ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមថា «ការរកឃើញតាមរយៈការសិក្សាបង្ហាញថាជីវៈចម្រុះនៅប្រទេសកម្ពុជា ត្រូវបានយកចិត្តទុកដាក់ការពារនិងអភិរក្សខ្ពស់បំផុតក្នុងពិភពលោក ជាពិសេសនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដែលអាចវាយតម្លៃឃើញថា មានកើនឡើង និងមានការរស់រានមានជីវិតរបស់ពួកវាក្នុងរយៈពេលវែង និងមានស្ថានភាពល្អប្រសើរ»។



សូមបញ្ជាក់ថា ប្រទេសកម្ពុជាមានភ្នំថ្មកំបោរយ៉ាងច្រើន ដែលភាគច្រើនស្ថិតនៅក្នុងខេត្តបាត់ដំបង កំពត និងស្ទឹងត្រែង ដែលភ្នំកំបោរទាំងនោះមានសារៈសំខាន់យ៉ាងខ្លាំង ផ្នែកប្រព័ន្ធអេកូឡូស៊ី និងតម្លៃផ្នែកវប្បធម៌ ហើយវាក៏ជាជម្រកធម្មជាតិសម្រាប់ប្រភេទសត្វព្រៃជាច្រើនផងដែរ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ