ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា និងភាគីសហរដ្ឋអាមេរិក បានឯកភាពរៀបចំគណកម្មការតម្រង់ទិសដែលដាក់គំរោងសហប្រតិបត្តិការក្នុងវិស័យកសិកម្មទាំងអស់ចូលក្នុងក្របខណ្ឌនៃការតម្រង់ទិសរួម សំដៅបម្រើផលប្រយោជន៍ប្រជាជន និងប្រជាកសិករកម្ពុជា ឱ្យត្រូវគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។


លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងជំនួបការងារជាមួយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី៤ មីនា ឆ្នាំ២០២៤ បានបង្ហាញពីគោលនយោបាយនិងកម្មវិធីអាទិភាពនានារបស់ក្រសួង ដែលនឹងជួយទ្រទ្រងវិស័យកសិកម្មឱ្យរីកចម្រើនប្រកបដោយនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន។


ក្នុងស្មារតីបញ្ជាក់ពីឆន្ទៈបន្តកិច្ចសហប្រតិបត្តិការរួមគ្នាឱ្យកាន់តែជិតស្និទ្ធ ឯកឧត្តមឯកអគ្គរដ្ឋទូត អះអាងថា នឹងបន្តគាំទ្រចំពោះគម្រោងនិងកម្មវិធីគោលនយោបាយទាំងឡាយណា ដែលជាអាទិភាពរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

 
បើតាមក្រសួងកសិកម្ម ភាគីទាំងពីរ បានជជែកផ្លាស់ប្ដូរយោបល់អំពីគម្រោងដែលនឹងត្រូវអនុវត្តបន្តនាពេលអនាគត ដោយផ្ដោតសំខាន់លើការអភិវឌ្ឍវិស័យកសិកម្ម ការអភិរក្សធនធានធម្មជាតិ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងពីសត្វមកមនុស្ស ក្រោមគម្រោង One Health។ ចំពោះគម្រោង One Health នេះ ភាគីអាម៉េរិក បានកត់សម្គាល់អំពីតម្លាភាពនៃការផ្ដល់ព័ត៌មាននៃក្រសួងនិងស្ថាប័នពាក់ព័ន្ធ ដែលបានរួមចំណែកទប់ស្កាត់ការផ្ទុះរាលដាលនៃជំងឺឆ្លងនានាប្រកបដោយប្រសិទ្ធភាពខ្ពស់។


ក្រសួង បានឲ្យដឹងទៀតថា ពាក់ព័ន្ធនឹងការងារនាពេលអនាគត លោករដ្ឋមន្រ្តីកសិកម្ម បានសម្ដែងការស្វាគមន៍ និងចង់ឱ្យកិច្ចសហប្រតិបត្តិការនេះដំណើរការដោយភាពស្មោះត្រង់ មានតម្លាភាព៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ