សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ពលរដ្ឋកុំបារម្ភរឿងសង្ក្រាន ខណៈពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំនេះ នឹងសប្បាយជាងឆ្នាំមុនៗ
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រាប់ប្រជាពលរដ្ឋកុំព្រួយបារម្ភរឿងសង្ក្រាន ខណៈពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ ខាងមុខនេះ នឹងប្រារព្ធធ្វើឡើងសប្បាយជាងឆ្នាំមុនៗ។
នាឱកាសអញ្ជើញសម្ពោធឆ្លង បទុមចេតិយ ក្នុងវត្តមណីរតនារាម ខេត្តពោធិ៍សាត់ នៅថ្ងៃអាទិត្យ ទី៣១ មីនា ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំគ្រប់រាជធានីខេត្ដ រៀបចំល្បែងកម្សាន្ដប្រជាប្រិយខ្មែរឲ្យបានច្រើន ដើម្បីបង្កភាពសប្បាយរីកជូនប្រជាពលរដ្ឋ។
សម្ដេចធិបតី មានប្រសាសន៍ថា «លោកតាលោកយាយ អ៊ំពូមីង ការព្រួយបារម្ភ ជាការត្រឹមត្រូវ ប៉ុន្តែកន្លងទៅ មានការផ្ដល់ព័ត៌មានខ្លះ ដែលមិនគ្រប់ជ្រុងជ្រោយ ធ្វើឲ្យប្រជាពលរដ្ឋយើងមានការភាន់ច្រឡំ។ ហើយខ្ញុំសូមអរគុណដល់ក្រសួងវប្បធម៌ ដែលបានចេញមកបំភ្លឺ ទៅលើកិច្ចការងារនេះ។ ហើយនៅថ្ងៃនេះ ខ្ញុំក៏យកឱកាសនេះ បញ្ជាក់ សូមកុំព្រួយបារម្ភរឿងការពារសម្បត្តិវប្បធម៌ គឺជាអាទិភាពធំណាស់របស់រាជរដ្ឋាភិបាលកម្ពុជា រាប់អាណត្តិមកហើយ។ យើងមិនឱ្យបាត់បុណ្យចូលឆ្នាំនេះបាត់បង់ទេ»។
សម្ដេចធិបតី បន្ដថា កុំព្រួយរឿងប្រារព្វពិធីចូលឆ្នាំថ្មីនៅកម្ពុជា ឬសង្ក្រាន្តនៅកម្ពុជា ពាក្យនេះ គឺជាពាក្យក្នុងបាលីសំស្ត្រឹត ដែលមានប្រទេសជាច្រើនប្រើ រួមទាំងកម្ពុជា ថៃ ឡាវ ក៏ប្រើដូចគ្នាដែរ។ ក្នុងន័យថា សម្ដេចធិបតី អះអាងថា ការចុះសង្ក្រាន្តនៅថៃ មិនធ្វើឲ្យកម្ពុជាឈប់មានសិទ្ធិប្រើប្រាស់ពាក្យសង្ក្រាន្តនោះទេ ផ្ទុយទៅវិញ គឺមានសិទ្ធិដូចគ្នា ដោយមិនប៉ះពាល់អ្វីនោះទេ ជាពិសេសក៏ប៉ះពាល់ដល់កម្ពុជា ក្នុងសិទ្ធិចុះបេតិកភណ្ឌអរូបបិយសង្រ្កាន្តនៅកម្ពុជានោះដែរ។
សម្ដេច នាយករដ្ឋមន្ដ្រី បញ្ជាក់ជាថ្មីថា «មិនមានអ្វីត្រូវព្រួយបារម្ភឡើយ ចំពោះសង្ក្រានឡើយ ហើយពិធីចូលឆ្នាំថ្មីឆ្នាំនេះ នឹងធ្វើប្រារព្ធធ្វើឡើងសប្បាយជាងឆ្នាំមុនៗ»៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ