ព្រះសីហនុ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកវិនិយោគគិន ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទាំងអស់ កុំមានការព្រួយបារម្ភអំពីបញ្ហាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នៅខេត្តព្រះសីហនុ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នាពេលថ្មីៗនេះ បានឲ្យដឹងថា បច្ចុប្បន្ននេះស្ថានភាពសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈសង្គមនៅខេត្តព្រះសីហនុ គឺមានភាព ល្អប្រសើរ។

ប្រភពដដែល បន្ដថា  ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានដាក់កម្លាំងសមត្ថកិច្ចជំនាញឱ្យចុះធ្វើការអនុវត្តវិធាន ការរឹតបន្ដឹងច្បាប់ចរាចរណ៍ តាមដងផ្លូវសាធារណៈ ដោយពុំមានការចូលរួមសហការពីសមត្ថកិច្ច បរទេស ឬស្ថាប័នអន្តរជាតិណាមួយឡើយ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ខិតខំយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណៈនៅខេត្តព្រះសីហនុ ជូនប្រជាពលរដ្ឋក្នុងប្រទេស និងក្រៅប្រទេស អ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលកំពុងរស់នៅ និងមកលេងកម្សាន្ត នៅក្នុងខេត្តព្រះសីហនុគ្រប់កាលៈទេសៈទាំងអស់។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា «សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគគិន ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទាំងអស់ សូមកុំមានការព្រួយបារម្ភអំពីបញ្ហាសន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណៈនៅខេត្តព្រះសីហនុ។ ក្នុងករណីប្រជាពលរដ្ឋ ឬសាធារណជនសង្ស័យ មានក្រុមក្លែង បន្លំជាសមត្ថកិច្ចចុះបង្ក្រាបតាមដងផ្លូវសាធារណៈ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬប្រទះ ឃើញមានបទល្មើសផ្សេងៗ ដែលកើតមាននៅក្នុងខេត្តព្រះសីហនុ សូមរាយការណ៍មកស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ តាមរយៈលេខទូរស័ព្ទ Hotline ៖ 097 778 0008 ដើម្បីសមត្ថកិច្ចចុះអន្តរាគមន៍បានទាន់ពេល»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ