ក្រសួងមហាផ្ទៃ ស្នើអាជ្ញាធរមូលដ្ឋាន សម្របសម្រួលក្នុងការអនុវត្តចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រកបដោយប្រសិទ្ធភាព
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានស្នើរដ្ឋបាលរាជធានី-ខេត្ត ធ្វើការណែនាំរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីសម្របសម្រួល និងគាំទ្រ ក្នុងការអនុវត្តការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ប្រកបដោយប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ។
តាមរយៈលិខិតរបស់ ក្រសួងមហាផ្ទៃ ចេញផ្សាយនាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានរួមបញ្ចូលការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្ម ជាមួយនឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លី រួមមាន ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់យកការចុះបញ្ជីដីធ្លីជូន ប្រជាពលរដ្ឋជាការងារអាទិភាពខ្ពស់ និងត្រូវអនុវត្តឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស។
កន្លងមក ក្រុមការងារ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅតាមបណ្តារាជធានី ខេត្ត ដែលមានប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ ជាប្រធានក្រុមការងារចុះបញ្ជី បាននិងកំពុងអនុវត្តកម្មវិធីអនុវិស័យ រដ្ឋបាលដីធ្លី ក្នុងគោលបំណងធ្វើការចុះបញ្ជីកម្មសិទ្ធិ និងសិទ្ធិផ្សេងៗទៀតលើអចលនវត្ថុឱ្យបានច្បាស់លាស់ និងជាផ្លូវការ ដើម្បីទប់ស្កាត់ និងដោះស្រាយវិវាទដីធ្លី សំដៅពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងបង្កើនភាពជឿជាក់ លើប្រព័ន្ធចុះបញ្ជីដីធ្លី។
ក្នុងន័យនេះ ដើម្បីជំរុញការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យកាន់តែមាន ប្រសិទ្ធភាពបន្ថែមទៀត និងទទួលបានជោគជ័យតាមផែនការដែលបានកំណត់ ក្រសួងមហាផ្ទៃ សូមស្នើ រដ្ឋបាល រាជធានី ខេត្ត ធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីសម្របសម្រួល និងគាំទ្រក្នុងការអនុវត្តការចុះបញ្ជី ដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលមានប្រធានការិយាល័យរៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ ជាប្រធានក្រុមការងារដឹកនាំការងារចុះបញ្ជីដីធ្លីនេះ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ