ក្រសួងបរិស្ថាន អំពាវនាវឱ្យចូលរួមថែរក្សាភាពស្អាត កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្ដីអំពាវនាវស្តីពី ការចូលរួមថែរក្សាភាពស្អាត កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទុកដាក់ សំរាម សំណល់រឹងនៅទីប្រជុំជន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងប្រារព្ធទៅនៅថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ នាពេលខាងមុខនេះ។
ក្នុងសេចក្ដីអំពាវនាវ ក្រសួងបរិស្ថាន ក៏បានថ្លែងអំណរព្រះគុណ អរគុណ និងកោតសរសើរ យ៉ាងជ្រាលជ្រៅថ្វាយប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ និងជូនចំពោះសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កម្មករ កម្មការិនី ក្រុមហ៊ុន រោងចក្រ សហគ្រាស អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋចំនួនប្រមាណ ៧,២លានអង្គ/នាក់ បានចូលរួមដោយស្ម័គ្រចិត្ត ក្នុងយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបានក្លាយជាចលនា នៃភាពស្អាត និងបានធ្វើឱ្យប្រទេសកម្ពុជាទទួលបានបរិស្ថានស្អាតទូទាំងប្រទេសគួរជាទីមោទនៈ។
ទន្ទឹមគ្នានេះ ក្រសួងបរិស្ថាន បានអំពាវនាវដល់សាធារណជន ព្រះសង្ឃគ្រប់ព្រះអង្គ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កម្មករ កម្មការិនី ក្រុមហ៊ុន រោងចក្រ សហគ្រាស អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងកិច្ចការពារថែរក្សា បរិស្ថានស្អាត តាមរយៈការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ជាពិសេស នៅក្នុងឱកាសពិធីចូលឆ្នាំប្រពៃណី ជាតិខ្មែរខាងមុខនេះ។
ការរួមចំណែកក្នុងចលនានៃភាពស្អាត នឹងធ្វើឱ្យបរិស្ថានស្អាតគ្មានសំរាម សំណល់ប្លាស្ទិក នៅតាមទីកម្សាន្ត ទីរមណីយដ្ឋាន និងភូមិឋានរបស់ប្រជាពលរដ្ឋ ទីតាំងអាជីវកម្ម និងសេវាកម្មទាំងអស់ ដែលនឹងផ្តល់នូវភាពរីករាយ និងសុខុមាលភាព នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។
ក្នុងន័យនេះ ក្រសួងបរិស្ថាន បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមក្នុងចលនាស្អាតនឹងអនុវត្តតាមសេចក្តីណែនាំ ដូចជា៖ ធ្វើការបោសសម្អាតសំរាម សំណល់រឹងតាមមុខលំនៅឋាន និងយកទៅដាក់ក្នុងធុងសំរាមនៅតាម ទីសាធារណៈឱ្យបានត្រឹមត្រូវ, ធ្វើការទុកដាក់ និងវេចខ្ចប់សំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ ហើយរង់ចាំបញ្ចេញសំណល់តាមការ ណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច, មិនត្រូវចោលសំរាម សំណល់រឹង ចូលក្នុងប្រភពទឹកនានា ឬដុតនៅតាមទីសាធារណៈឡើយ។
ក្រសួងបរិស្ថាន បានសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ម្ចាស់អាជីវកម្ម និង សេវាកម្មទាំងអស់ នឹងចូលរួមជាមួយក្រសួងបរិស្ថានតាមការអំពាវនាវនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងមនោសញ្ចេតនាស្រលាញ់ និងថែរក្សាបរិស្ថានកម្ពុជាឱ្យមានភាពស្អាត ភាពបៃតង និងចីរភាព៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ