ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវធ្វើការត្រួតពិនិត្យជាប្រចាំនៅតាមដងផ្លូវ តាមទីតាំងកាស៊ីណូ ក្លឹបកំសាន្ដ ទីតាំងខារ៉ាអូខេ ឬគោលដៅមិនសមស្របផ្សេងៗទៀត និងចាត់វិធានការម៉ឹងម៉ាត់ចំពោះករណីខុសឆ្គងក្នុងការប្រើប្រាស់យានយន្ដនគរបាលជាតិ។

លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានលើកឡើងបែបនេះបន្ទាប់ពីមានបុគ្គលមួយចំនួនតូច បានប្រើប្រាស់ដោយខុសលក្ខណការណ៍កំណត់ នូវយានយន្តនគរបាលជាតិគ្រប់ប្រភេទ ឬយកចូលទៅកាន់ទីតាំងមិនសមស្រប ដែលនាំឱ្យប៉ះពាល់ដល់ កិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ និងកិត្តិយសក្រសួងមហាផ្ទៃ ។

តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងមហាផ្ទៃ ចេញផ្សាយនាពេលថ្មីៗនេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានឱ្យដឹងថា ដើម្បីបំបាត់នូវរាល់បាតុភាពខុសឆ្គងទាំងនេះ ក្រសួងមហាផ្ទៃ ធ្វើការណែនាំដល់អគ្គស្នងការដ្ឋាន នគរបាលជាតិ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពនានា ចំណុះក្រសួងមហាផ្ទៃព្រមទាំង ស្នងការដ្ឋានរាជធានី ខេត្ត ត្រូវផ្សព្វផ្សាយ និងអនុវត្តឱ្យមានប្រសិទ្ធភាពតាម ស្តីពីការចុះបញ្ជី ការចេញបណ្ណសម្គាល់ និងផ្លាកលេខយានយន្ត គ្រប់គ្រងដោយក្រសួងមហាផ្ទៃ និងលិខិតបទដ្ឋាននានា ដែលពាក់ព័ន្ធដល់ការគ្រប់គ្រង និងប្រើប្រាស់យាន យន្តនគរបាលជាតិ។

លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា ត្រូវធ្វើការគ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពជាប្រចាំនូវយានយន្តប្រើផ្លាកលេខនគរបាលជាតិក្នុង អង្គភាព។ ក្នុងករណីមានការបញ្ឈប់ប្រើប្រាស់យានយន្តណាមួយត្រូវរាយការណ៍ និងប្រគល់ផ្លាកលេខ និងបណ្ណសម្គាល់ ទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ (នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ) ដើម្បីលុបចេញពីបញ្ជីជាបន្ទាន់ ។

លោកឧបនាយករដ្ឋមន្ដ្រី បន្ថែមថា ហាមឃាត់រាល់សកម្មភាពប្រើប្រាស់យានយន្តនគរបាលជាតិ ដូចជា ៖  យកផ្លាកលេខពីយានយន្តដែលបានចុះបញ្ជីត្រឹមត្រូវ ទៅបំពាក់យានយន្តផ្សេងទៀត, យកយានយន្តដែលពាក់ផ្លាកលេខនគរបាលជាតិទៅប្រើប្រាស់ ដើម្បីយកទៅប្រកបអាជីវកម្មផ្សេងៗមានលក្ខណៈជាឯកជន មិនមែនសម្រាប់បម្រើផលប្រយោជន៍ក្រសួង ឬរដ្ឋ, យកយានយន្តនគរបាលជាតិទៅឱ្យបុគ្គលផ្សេងទៀតប្រើប្រាស់, យកយានយន្តពាក់ផ្លាកលេខនគរបាលជាតិចូលទៅក្នុងទីតាំងកាស៊ីណូ ក្លឹបកំសាន្ត ទីតាំង ខារ៉ាអូខេ ឬគោលដៅមិនសមស្របផ្សេងទៀត, យកយានយន្តពាក់ផ្លាកលេខនគរបាលជាតិទៅប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗ, ប្រើប្រាស់យានយន្តនគរបាលជាតិដែលហួសសុពលភាព នៃកាលកំណត់ក្នុងបណ្ណសម្គាល់ យានយន្ត។

លោកឧបនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «អគ្គស្នងការដ្ឋាននគរបាលជាតិត្រូវធ្វើការត្រួតពិនិត្យជាប្រចាំនៅតាមដងផ្លូវ តាមទីតាំងកាស៊ីណូ ក្លឹបកំសាន្ត ទីតាំងខារ៉ាអូខេ ឬគោលដៅមិនសមស្របផ្សេងទៀត និងចាត់វិធានការម៉ឺងម៉ាត់ចំពោះករណ៏ខុស ឆ្គងក្នុងការប្រើប្រាស់យានយន្តនគរបាលជាតិ ព្រមទាំងបូកសរុបរាយការណ៍ប្រចាំត្រីមាស និងរាយការណ៍ ក្នុងករណីចាំបាច់ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីស្នើសុំគោលការណ៍ដឹកនាំ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ