កំពង់ស្ពឺ ៖ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអំពាវនាវឱ្យសាធារណជនគ្រប់រូប ចូលរួមប្រឆាំងការធ្វើអាជីវកម្មលើសាសនា ដោយបន្តពង្រឹង និងពង្រីកការអប់រំផ្នែកសាសនាផងដែរ។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានាវត្តមុនីរង្ស៊ីរតនារាម (ហៅវត្តម្រុំខាងជើង) សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ សម្តេចក្រឡាហោម ស ខេង បានឱ្យដឹងថា ក្នុងរដ្ឋធម្មនុញ្ញកម្ពុជា គឺគោរពលើសិទ្ធិសេរីភាព ក្នុងការជ្រើសរើសជំនឿ ដូច្នេះ ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ហើយប្រជាពលរដ្ឋ ក៏មានការគោរពពុទ្ធសាសនាច្រើនផងដែរ។ ទន្ទឹមនឹងនោះ ក៏មានពលរដ្ឋមួយចំនួន បានគោរពចំពោះសាសនាដទៃដូចគ្នា ត្រង់ចំណុចនេះ សម្តេចក្រឡាហោម ស្នើឱ្យមានការគោពគ្នាទៅវិញទៅមក នាំឱ្យសង្គមកម្ពុជា មានភាពសុខដុមរមនាជាមួយគ្នា។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា « សូមចូលរួមប្រឆាំងការធ្វើអាជីវកម្មលើសាសនា ការរើសអើង និងការបែកចែក។ ក្នុងចំណោមប្រជាពលរដ្ឋ បណ្ដាមកពីភាពខុសគ្នាជំនឿ និងសាសនា ដោយប្រែក្លាយសក្កានុពលសាសនាទាំងអស់ ទៅជាកម្លាំងសាមគ្គីគ្នាតែមួយ»។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ស ខេង បានណែនាំឱ្យបន្តពង្រឹង និងពង្រីកការអប់រំផ្នែកសាសនា ព្រមទាំងធ្វើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យពុទ្ធសាសនា ព្រមទាំងបណ្តុះបណ្តាលធនធានព្រះសង្ឃប្រកបដោយចំណេះដឹង ជំនាញ និងគុណធម៌ វិន័យឱ្យបានខ្ជាប់ខ្ជួន។

បន្ថែមពីនេះ សម្តេចក្រឡាហោម បានស្នើឱ្យបន្តថែរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំរវាងព្រះសង្ឃ និងពុទ្ធបរិស័ទ ពុទ្ធបរិស័ទ និងពុទ្ធបរិស័ទដោយចេះស្រឡាញ់ គោរពរាប់អានគ្នាទៅវិញទៅមក ដោយប្រកាន់នូវព្រហ្មវិហារធម៌ទាំង៤ និងត្រូវប្រកាន់នូវសីលធម៌រស់នៅសមរម្យ ថ្លៃថ្នូរ ដើម្បីធ្វើជាគម្រូដល់មនុស្សជំនាន់ក្រោយគោរព និងរៀនសូត្រតាម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ