ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បានយាងត្រឡប់មកដល់កម្ពុជាវិញ បន្ទាប់ពីគង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន អស់រយៈពេលប្រមាណជា១ខែ។

គួររម្លឹកផងដែរថា ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងទៅពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គទាំងទ្វេ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងពេលគង់ប្រថាប់នៅប្រទេសចិន កាលពីរយៈពេលប្រមាណមួយខែនេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងបានសព្ទព្រះរាជហឫទ័យយាងទៅកាន់ខេត្តនានារបស់ចិន និងព្រះបរមរាជានុញ្ញាតឱ្យមន្ត្រីជាន់ខ្ពស់មួយចំនួនចូលក្រាបបង្គំគាល់ និងសវនាការផងដែរ។

ដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ និងសម្តេចព្រះវររាជាមាតាជាតិខ្មែរនារសៀលនេះ មានការអញ្ជើញថ្វាយព្រះរាជវឌ្ឍនកិច្ច និងទទួលព្រះរាជដំណើរពីថ្នាក់ដឹកនាំដោយប្រធាន សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា  ព្រមទាំងមន្ត្រីរាជការក្រសួងព្រះបរមរាជវាំងផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ