ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មី សម្រាប់កម្ពុជាចាប់ពីឆ្នាំ ២០២៤-២០២៨។

យុទ្ធសាស្ត្រថ្មីនេះ ដែលមានសង្គតិភាពយ៉ាងជិតស្និទ្ធជាមួយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់រយៈពេលដូចគ្នាមានគោលបំណងពង្រឹង ដំណើរឆ្ពោះទៅរកសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព បរិយាបន្ន និងភាពធន់ នៅក្នុងប្រទេសកម្ពុជា។

យុទ្ធសាស្រ្តរយៈពេល៥ឆ្នាំនេះ ផ្តោតលើការធ្វើការជាមួយរាជរដ្ឋាភិបាល និងដៃគូផ្សេងទៀត ដើម្បីពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលនាំមុខដោយវិស័យឯកជន ជំរុញការអភិវឌ្ឍមនុស្ស និងពង្រឹងភាពធន់នឹងអាកាសធាតុ។

យុទ្ធសាស្ត្រដ៏ទូលំទូលាយនេះ ក៏រួមបញ្ចូលផងដែរនូវអាទិភាពពហុផ្នែកមួយចំនួន ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័ន កែលម្អសមភាពយេនឌ័រ លើកកម្ពស់ឌីជីថលភាវូបនីយកម្ម និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ និងសមា ហរណកម្មក្នុងតំបន់។

លោក Scott Morris អនុប្រធាន ADB ប្រចាំតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ និងតំបន់ប៉ាស៊ីហ្វិក បានថ្លែងថា «បង្កើតឡើងដោយមានការពិភាក្សាយ៉ាងជិតស្និទ្ធ ជាមួយភាគីពាក់ព័ន្ធជាច្រើន យុទ្ធសាស្ត្រប្រចាំប្រទេសថ្មីរបស់ ADB នេះគឺជា កិច្ចសហការជាដៃគូជាមួយប្រទេសកម្ពុជា ដើម្បីវិបុលភាព ប្រជាជន និងភពផែនដី។ វាបង្ហាញពីជំហានថ្មីឆ្ពោះទៅរកកំណើន និងឱកាសក្នុងដំណើរអភិវឌ្ឍន៍របស់ ប្រទេសកម្ពុជាដែលមានបំណងកំណត់ប្រទេស នៅលើផ្លូវឆ្ពោះទៅរកការសម្រេចបានឋានៈជាប្រទេស មាន ប្រាក់ចំណូលខ្ពស់ក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះ»។

យុទ្ធសាស្ត្រនេះ សង្កត់ធ្ងន់លើវិបុលភាព ដោយការពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាមួយការទទួលស្គាល់តួនាទីដ៏សំខាន់របស់វិស័យឯកជន ក្នុងការជំរុញកំណើនប្រកបដោយចីរភាព។ គន្លឹះនៃវិធីសាស្រ្តនេះ គឺការពង្រឹងហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុ និងមានគុណភាពខ្ពស់ ដើម្បីទាក់ទាញការវិនិយោគពីវិស័យឯកជន និងបង្កើតបរិយាកាសធុរកិច្ចដែលផ្តល់អត្ថប្រយោជន៍ ជាពិសេសសម្រាប់សហគ្រាសធុនមីក្រូតូច និងមធ្យម។

ដោយដៅយកមនុស្សជាស្នូលនៃរបៀបវារៈនៃការអភិវឌ្ឍ យុទ្ធសាស្រ្តនេះមានគោលបំណងធានា នូវលទ្ធភាពទទួលបានសេវាកម្ម ប្រកបដោយគុណភាព និងតម្លៃសមរម្យ ដែលក្នុងនោះរួមមាន ការអប់រំការអភិវឌ្ឍជំនាញ ការថែទាំសុខភាព និងសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ។ ADB ក៏នឹងបង្កើនកិច្ចខិត ខំប្រឹងប្រែងក្នុងការលើកកម្ពស់ការផ្តល់សេវាឌីជីថល ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ និង កែលម្អសន្តិសុខ ស្បៀង និងអាហារូបត្ថម្ភសម្រាប់ប្រជាពលរដ្ឋ ដែលត្រូវការសេវានេះបំផុត ដើម្បីត្រួសត្រាយផ្លូវសម្រាប់ ការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច។

ស្របតាមការប្តេជ្ញាចិត្តផ្នែកអាកាសធាតុរបស់ ADB និងរាជរដ្ឋាភិបាល យុទ្ធសាស្ត្រនេះមានគោលបំណងពង្រឹងភាពធន់នឹងអាកាសធាតុ តាមរយៈគំនិតផ្តួចផ្តើមសម្របខ្លួន ទៅនឹងអាកាសធាតុដែលផ្តោត លើវិស័យកសិកម្ម ប្រព័ន្ធអេកូឡូស៊ីនៃធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធទីក្រុង។ លើសពីនេះ វាផ្តល់អាទិភាពដល់ការពង្រីកប្រភពថាមពលកកើតឡើងវិញ និងការកៀងគរហិរញ្ញប្បទានអាកាសធាតុសម្បទាន ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅរកអនាគតបៃតង និងធន់ជាងមុនសម្រាប់កម្ពុជា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ