ភ្នំពេញ ៖ ប្រមុខរដ្ឋឡាវ ឯកឧត្តម ថងលុន ស៊ីសុលីត បានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះហើយ។ ដំណើរទស្សនកិច្ចដែលមានរយៈពេលពីរថ្ងៃ ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា ប្រធានរដ្ឋឡាវ នឹងជួបសវនាការជាមួយ ព្រះករុណា ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង។

ឯកឧត្តមប្រធានរដ្ឋក៏នឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ភាគីទាំងពីរ នឹងពិភាក្សាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី រួមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម។

ប្រធានរដ្ឋឡាវ នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និង នៅមណ្ឌបតម្កល់ព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ»។

ក្រសួងការបរទេសកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅពេលនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់បន្ថែមទៀត នូវទំនាក់ទំនងដ៏ល្អប្រសើរ អ្នកជិតខាងល្អ ទំនាក់ទំនងជាបងប្អូន និង សាមគ្គីភាព ព្រមទាំងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីវិបុលភាពរួមន ប្រទេសទាំងពីរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ