ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ប្រារព្ធឡើងដើម្បីឯកភាព និងសាមគ្គីភាពរវាងនិកាយទាំងអស់
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា មានព្រះរាជបន្ទូលថា ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ជាអភិលក្ខិតសម័យមួយទៀត តាមប្រតិទិនសុរិយគតិ ដែលជាឱកាសដ៏វិសេសវិសាលមួយ ប្រារព្ធឡើងដើម្បីឯកភាព និងសាមគ្គីភាពរវាងនិកាយទាំងអស់ នៃព្រះពុទ្ធសាសនា និងដឹកនាំពុទ្ធបរិស័ទគ្រប់និកាយ ត្រឡប់ទៅប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួន។
យោងតាមរយៈព្រះរាជសារ ប្រទានជូន ជនរួមជាតិ ក្នុងទិវាព្រះពុទ្ធសាសនាអន្ដរជាតិ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ព្រះមហាក្សត្រ បានសម្តែងហឫទ័យសោមនស្សរីករាយ និងបានអបអរសាទរជាមួយ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជនរួមជាតិកម្ពុជាទាំងអស់ ។
ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា «ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ជាអភិលក្ខិតសម័យមួយទៀត តាមប្រតិទិនសុរិយគតិ ដែលជាឱកាសដ៏វិសេសវិសាលមួយ ប្រារព្ធឡើងដើម្បីឯកភាព និងសាមគ្គីភាពរវាងនិកាយទាំងអស់នៃព្រះពុទ្ធសាសនា និងដឹកនាំពុទ្ធបរិស័ទគ្រប់និកាយ ត្រឡប់ទៅប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួន តាមពាក្យប្រៀនប្រដៅដើមដំបូងរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង»។
ព្រះករុណា ទ្រង់បន្តថា ទិវាព្រះពុទ្ធសាសនាអន្តរជាតិនេះ នឹងបន្តផ្សព្វផ្សាយព្រះពុទ្ធឱវាទឲ្យបានទូលំទូលាយ កាន់តែសកម្មផុសផុលឡើង ដើម្បីបុព្វហេតុនៃការរីកចម្រើនព្រះពុទ្ធសាសនា និងការកសាងសន្តិភាពនៅក្នុងសង្គមជាតិខ្មែរផង និងនៅលើសកលលោកទាំងមូលផង៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ