លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ ត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង
ព្រៃវែង ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំគណៈកម្មការ អនុគណៈកម្មការ ប្រជុំពិនិត្យអំពីវឌ្ឍនភាពការងារ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ព្រៃវែង ឆ្នាំថ្មី ឆ្នាំ២០២៤ ដើម្បីបង្កលក្ខណៈភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀត។
ក្នុងឱកាសនោះ អនុគណៈកម្មការ ដែលទទូលបន្ទុកតាមផ្នែកនីមួយៗ បានធ្វើបទបង្ហាញអំពីផែនការសកម្មភាពរបស់ខ្លួននីមួយៗ ជូនគណៈអធិបតីពិនិត្យ សម្រេចកែលម្អ ធ្វើយ៉ាងណាដើម្បីឲ្យការរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តព្រៃវែងឆ្នាំនេះ ប្រកបដោយភាពសប្បាយរីករាយ។
លោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងលើកឡើងអំពីការរៀបចំផែនការសកម្មភាពសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ នៅតាមគោលដៅដែលបានកំណត់ និងកន្លែងកម្សាន្ដនានា មានកន្លែងប្រគុំតន្ត្រី, ល្បែងប្រជាប្រិយ៍, តំបន់ត្រជាក់ចិត្ត, កន្លែងប្រារព្ធពិធីសាសនាមានពូនភ្នំខ្សាច់, ទីតាំងដាក់ស្តង់តាំងពិពណ៌ ធ្វើយ៉ាងណាដើម្បីទទួលស្វាគមន៍ប្រជាពលរដ្ឋ ដែលគាត់មកលេងកម្សាន្ដអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ សង្ក្រាន្តព្រៃវែង ប្រកបដោយភាពសប្បាយរីករាយ និងសុវត្ថិភាពខ្ពស់។
ឧបនាយករដ្ឋមន្ដ្រី ស សុខា បានណែនាំដល់អនុគណៈកម្មការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងទាំងអស់តាមផ្នែកនីមួយៗ ដែលបានកំណត់នេះត្រូវខិតខំយកចិត្តអនុវត្តឲ្យល្អបន្ថែមទៀត ធ្វើយ៉ាងណាឲ្យការប្រារព្ធពិធីព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំថ្មី ឆ្នាំ២០២៤នេះ ទទួលបានជោគជ័យ និងមានសោភ័ណភាពស្អាត។
ក្នុងព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំថ្មី ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តក៏បានរៀបចំនូវការប្រគំតន្ត្រី, តំបន់ត្រជាក់ចិត្ត, កន្លែងល្បែងប្រជាប្រិយខ្មែរ, កន្លែងពូនភ្នំខ្សាច់, និងស្តង់តាំងពិពណ៌ជាច្រើនស្តង់ សម្រាប់ទទួលស្វាគមន៍ប្រជាពលរដ្ឋ ក្មេងចាស់ប្រុសស្រី មកលេងកម្សាន្តក្នុងព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងឆ្នាំថ្មីនេះប្រកបដោយភាពសប្បាយរីករាយ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ