ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រកាសឱ្យរួមគ្នាលុបបំបាត់ពាក្យបណ្តាសាមួយដែលតែងតែលងបន្លាចលើអង្គចៅក្រមនោះគឺ «ត្រីមួយកន្ត្រកស្អុយមួយស្អុយទាំងអស់»។ លោកថ្លែងថា បើត្រីណាដែលស្អុយ ត្រូវតែដកចេញ កុំឱ្យប៉ះពាល់ត្រីដទៃទៀត ពោលគឺទុកតែត្រីណាដែលល្អ ដើម្បីឱ្យមហាជន មើលទៅវិស័យយុត្តិធម៌ ដោយភាពវិជ្ជមាន។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ថ្លែងបែបនេះ ក្នុងឱកាសក្រសួងយុត្តិធម៌បើកមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេស ឆ្នាំ២០២៣ និងលើកទិសដៅអាទិភាព ឆ្នាំ២០២៤ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ Garden City ។

ការថ្លែងរបស់ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បន្ទាប់ពីមើលឃើញថា មហាជនបាននិងកំពុងមើលឃើញថា វិស័យយុត្តិធម៌កម្ពុជាមានភាពអវិជ្ជមានខ្លាំង។ មើលឃើញអវិជ្ជមាន ក៏ព្រោះតែមានអង្គចៅក្រមមួយចំនួនមិនល្អ ពោលគឺអង្គចៅក្រម ដែលលោកចាត់ទុកថា ជាត្រីស្អុយ។

បើតាមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ, លោកមិនចង់ឱ្យមានត្រីស្អុយ នៅក្នុងវិស័យតុលាការនោះទេ។ លោកអះអាងថា ចាប់ពីថ្ងៃនេះទៅ ត្រូវអនុវត្តម៉ោងវិន័យ ដើម្បីដកចេញបណ្តាសា ត្រីមួយកន្ត្រក ស្អុយមួយស្អុយទាំងអស់ចេញ។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះ «អីចឹងត្រូវឯកភាពគ្នាលើទស្សនៈនេះ។ ឯកភាពគ្នាថា ដើម្បីដើរឆ្ពោះទៅកាន់ទិសដៅនេះ មិនត្រឹមតែធ្វើសកម្មភាពព្រមគ្នាទេ ក៏យើងត្រូវឯកភាពគ្នាថា ក្រៅពីឆន្ទៈ ការទទួលខុសត្រូវ មានចំណុចមួយដែលឯកឧត្តម (ជីវ កេង) ប្រធានតុលាការកំពូលលើកឡើង ឱ្យច្បាស់លាស់ជាមួយគ្នាថា ពាក្យថា ត្រីមួយកន្ត្រកស្អុយមួយស្អុយទាំងអស់នេះ គឺជាពាក្យបណ្តាសាមួយទេ ប៉ុន្តែ យើងមិនចង់ឱ្យពាក្យបណ្តាសារមួយនេះ វាលងលើអង្គចៅក្រមនោះទេ។ អីចឹងត្រីមួយកន្ត្រក បើវាស្អុយមួយ កុំឱ្យវាស្អុយមួយកន្ត្រក។ ដកត្រីដែលស្អុយចេញទៅ។ ទុកឱ្យត្រីដទៃទៀតដែលល្អ កុំឱ្យស្អុយទៅតាមត្រីដែលស្អុយ»។

លោកបន្តថា «ទិសដៅរបស់យើង អត់មានអ្វីក្រៅពីការផ្តល់សេវាយុត្តិធម៌ឱ្យបានល្អប្រសើរទេ កាន់តែសុក្រឹត្យ។ ទិសដៅរបស់យើង គឺដើម្បីឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត មកលើប្រព័ន្ធតុលាការរបស់យើង ប្រព័ន្ធយុត្តិធម៌របស់យើង។ ទិសដៅរបស់យើង ចង់ឱ្យអង្គចៅក្រមក្លាយជាបង្អែក ដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយអំពើអយុត្តិធម៌ នៅក្នុងសង្គម»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ