ភ្នំពេញ ៖ ក្រុមហ៊ុន Apple បានប្រកាសពីការចូលទៅក្នុងទីផ្សារ VR ជាមួយនឹង Apple Vision Pro នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៣ និងដាក់លក់ជាផ្លូវការនៅសហរដ្ឋអាមេរិកនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្នុងតម្លៃ ៣,៤៩៩ ដុល្លារ ។

ពិភពនិម្មិត (VR) គឺជាបច្ចេកវិទ្យាដ៏អស្ចារ្យមួយដែលអាចក្លែងធ្វើជាបរិយាកាស ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើអន្តរកម្មជាមួយនឹងបទពិសោធន៍ពិភពនិម្មិត។ ការមកដល់របស់ Apple Vision Pro បានធ្វើឱ្យយើងទាំងអស់គ្នាភ្ញាក់ផ្អើល ហើយរូបភាពនៃអ្នកប្រើប្រាស់ឧបករណ៍នេះបានធ្វើឱ្យមនុស្សជាច្រើនភ័យខ្លាច អ្នកខ្លះទៀតមានចម្ងល់ជាច្រើន ប៉ុន្តែមនុស្សជំនាន់ថ្មីមានការរំភើបចិត្តក្នុងការប្រើប្រាស់ឧបករណ៍នេះ។

ទោះបីជាយ៉ាងណាបច្ចេកវិទ្យាពិភពនិម្មិត (VR)  បានផ្តល់នូវអត្ថប្រយោជន៍ និងគុណវិបត្តិ មួយចំនួនដូចខាងក្រោម៖
អត្ថប្រយោជន៍នៃឧបករណ៍៖

- Vision Pro ផ្តល់នូវបទពិសោធន៍នៃការមើលឃើញ និងស្តាប់ដែលមានគុណភាពខ្ពស់ ដោយសារអេក្រង់ដែលមានគុណភាពបង្ហាញខ្ពស់ និងសំឡេងជុំវិញដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើននៅក្នុងការលេងហ្គេម ភាពយន្ត និងកម្មវិធីទាំងអស់ក្នុង VR ។

- ទំនើបកម្មនៃឧបករណ៍នេះបានផ្តល់ភាពងាយស្រួលក្នុងការប្រើអាចធ្វើការគ្រប់គ្រង Vision Pro ដោយប្រើកាយវិការដោយដៃ ការបញ្ជាដោយសំឡេង និងសូម្បីតែចលនាភ្នែករបស់យើង។

- ការរចនាពិសេស Vision Pro ត្រូវបានផលិតឡើងជាមួយនឹងវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ និងមានការរចនាឆើតឆាយ ដែលធ្វើឱ្យវាមានផាសុខភាពក្នុងការប្រើប្រាស់បានយូរ។

គុណវិបត្តិ៖

- Vision Pro នឹងអាចប្រើបានតែជាមួយឧបករណ៍ Apple ប៉ុណ្ណោះ ដែលមានន័យថាអ្នកប្រើប្រាស់ Android ឬ Windows នឹងមិនអាចប្រើវាបានឡើយ។

- ការព្រួយបារម្ភអំពីឯកជនភាព៖ អ្នកប្រើប្រាស់មួយចំនួនបានសម្តែងការព្រួយបារម្ភអំពីចំនួនទិន្នន័យដែល Vision Pro អាចប្រមូលបានអំពីអាកប្បកិរិយា និងបរិស្ថានជុំវិញរបស់អ្នកប្រើប្រាស់។ ការប្រមូល និងរក្សាទុកទិន្នន័យផ្ទាល់ខ្លួន ការត្រួតពិនិត្យ និងការឃ្លាំមើល ការចែករំលែកព័ត៌មានផ្ទាល់ខ្លួនសុទ្ធតែជាការព្រួយបារម្ភការពារសុវត្ថិភាពទិន្នន័យ។

- ផលរំខានដែលអាចកើតមាន៖ ការប្រើប្រាស់ឧបករណ៍ Vision Pro រយៈពេលយូរអាចបណ្តាលឱ្យវិលមុខ ចង្អោរ និងអស់កម្លាំងភ្នែក។ ក្តីបារម្ភមួយទៀតគឺការញៀន ដែលអ្នកប្រើប្រាស់អាចមានការស្រូបចូលក្នុងបរិយាកាសនិម្មិតច្រើនពេក ដែលនាំឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ