វិទ្យាស្ថានយុទ្ធសាស្រ្ត KSI គ្រោងរៀបចំកម្មវិធីកិច្ចប្រជុំកំពូលសាកលស្តីពី បច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន និងកិច្ចប្រជុំកំពូលស្តីពី សហគ្រិនភាព និងសេដ្ឋកិច្ចអាស៊ី ឆ្នាំ២០២៤ នៅកម្ពុជា
ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក តាន់ ស្រ៊ី មីសែល យ៉ាវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងឱកាសនៃជំនួប លោកប្រធានវិទ្យាស្ថាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។
លោកប្រធានវិទ្យាស្ថាន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជារហូតដល់ពេលបច្ចុប្បន្ននេះ ហើយលោកមានជំនឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី កម្ពុជា នឹងមានការអភិវឌ្ឍ និង រីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ លោកប្រធានវិទ្យាស្ថាន ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីការពិនិត្យលទ្ធភាពក្នុងការពង្រីកការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើវិស័យកសិកម្ម ថាមពលជីវម៉ាស បច្ចេកវិទ្យាហិរញ្ញវត្ថុ និងឌីជីថល ព្រមទាំងការបង្កើតនូវ “World Digital Chamber” ។
បន្ថែមលើនេះ លោកប្រធានវិទ្យាស្ថាន បានគោរពជម្រាបជូនសម្តេចធីបតី អំពីការបង្កើត ASEAN Economic Club នៅកម្ពុជា ហើយក្នុងឆ្នាំនេះ វិទ្យាស្ថានយុទ្ធសាស្រ្ត KSI បានផ្តួចផ្តើមគំនិតស្នើសុំឱ្យព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តការណ៍ចំនួន ២ ៖ កិច្ចប្រជុំកំពូលសាកលស្តីពីបច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន (Global Chinese Economic & Technology Summit-GCET) 2024 និង កិច្ចប្រជុំកំពូលស្តីពីសហគ្រិនភាព និង សេដ្ឋកិច្ចអាស៊ី (Asia Economic & Entrepreneurship Summit -AEES) 2024 ។ កម្មវិធីទាំង២នេះ គឺជាឱកាសក្នុងការទាក់ទាញវិនិយោគិនក្នុងតំបន់អាស៊ាន និងជុំវិញពិភពលោក អំពីឱកាសវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ លោកប្រធានវិទ្យាស្ថាន ក៏បានគោរពអញ្ជើញសម្តេចនាយករដ្ឋមន្ត្រី ធ្វើជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងកម្មវិធីទាំង២នេះផងដែរ។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ ប្រកបដោយក្តីរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប្រធានវិទ្យាស្ថាន និងសហការី ព្រមទាំងបានសម្តែងក្ដីសោមនស្ស អំពីការរៀបចំកម្មវិធីទាំងពីរនេះ ដោយសម្តេចធិបតី បានណែនាំឱ្យវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ធ្វើការពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបន្ថែមទៀត។
សម្តេចធិបតី បានទទួលយកការអញ្ជើញរបស់លោកប្រធានវិទ្យាស្ថានក្នុងការចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងកម្មវិធីទាំងពីរនេះ។ ពាក់ព័ន្ធនឹងការជំរុញការវិនិយោគលើបច្ចេកវិទ្យាហិរញ្ញវត្ថុ និងវិស័យឌីជីថល សម្តេចធិបតី បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានធនាគារជាតិនៃកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងខិតខំជំរុញការអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅជាសេដ្ឋកិច្ចឌីជីថល។
បន្ថែមលើនេះ សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧នឹងបន្តការអភិវឌ្ឍគោលនយោបាយ ដោយឈរលើស្មារតីសង្គតិភាព និងនិរន្តរភាព ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន។
ទន្ទឹមនោះ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការធានាដល់បរិស្ថាននៃការវិនិយោគ ព្រមទាំងរៀបចំនូវផែនការយុទ្ធសាស្រ្តផ្នែកពាណិជ្ជកម្ម ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីធានាបាននូវកាលានុវត្តភាព និងរក្សាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់ និងពិភពលោក។
មុននឹងបញ្ចប់ សម្ដេចធិបតី បានបញ្ជាក់អំពីគំនិតផ្តួចផ្តើមថ្មីៗរបស់រាជរដ្ឋាភិបាល ដូចជាការបង្កើតឡើងនូវគណៈកម្មាធិការផ្ដល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម ដើម្បីធានាប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការអនុវត្តគោលនយោបាយពាណិជ្ជកម្មនានា និងស្វាគមន៍ការផ្ដល់មតិយោបល់ ក៏ដូចជាធាតុចូលនានាពីវិទ្យាស្ថានយុទ្ធសាស្ត្រ KSI៕