ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់លើបញ្ហាជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម ដើម្បីកាត់បន្ថយការលំបាករបស់ពលរដ្ឋ
ព្រៃវែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់លើបញ្ហាជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ។
ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ ដោយឥតគិតថ្លៃ ចំនួន ១ ៥០០នាក់ នៅឃុំឫស្សីស្រុក ក្នុងស្រុកពាមជរ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ពាក់ព័ន្ធដល់បញ្ហាសេវាសុខភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នៅពេលដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមន្ទីរពេទ្យនៅស្រុកកោះធំ ខេត្តកណ្តាល នាពេលថ្មីៗនេះថា រាជរដ្ឋាភិបាលកំពុងតែទម្លាក់ថវិកាទិញថ្នាំ ដែលប្រជាពលរដ្ឋត្រូវការដូចជា ៖ ថ្នាំលើសឈាម និងថ្នាំទឹកនោមផ្អែម ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការលំបាកដល់អ្នកជំងឺដែលត្រូវការថ្នាំសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ដែរថា បញ្ហាជំងឺលើសឈាម (លើសម្ពាធឈាម) និងជំងឺទឹកនោមផ្អែម មួយរយៈចុងក្រោយនេះ កត់សម្គាល់ឃើញថា ជំងឺទាំងពីរនេះ ហាក់មានការកើនឡើង គួរឱ្យកត់សម្គាល់នៅកម្ពុជា មិនត្រឹមតែនៅតាមទីក្រុង ទីប្រជុំជន ឬនៅតាមជនបទស្រុកស្រែនោះទេ។ ឯកឧត្តមអភិសន្តិបណ្ឌិត បន្តទៀតថា ចំពោះមូលហេតុចម្បងដែលនាំឱ្យកើតមានជំងឺដ៏ពេញនិយមទាំងពីរនេះ ត្រូវបានក្រុមគ្រូពេទ្យជំនាញពន្យល់ថា បណ្តាលមកពីកត្តាហូបចុក ឬរបបអាហារប្រចាំថ្ងៃសំខាន់។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានសង្កត់ធ្ងន់ដែរថា ចំពោះអ្នកកើតជំងឺលើសឈាម ដែលមិនបានទទួលការព្យាបាលត្រឹមត្រូវ អាចប្រឈមនឹងផលវិបាកដល់សុខភាពជាច្រើន រហូតបណ្តាលឱ្យមានហានិភ័យខ្ពស់ដល់អាយុជីវិត ដូចជា ៖ បង្កជាជំងឺស្ទះសរសៃឈាមបេះដូង ឬជំងឺស្ទះដាច់សរសៃឈាមខួរក្បាល ជំងឺគាំងបេះដូង ជំងឺខ្សោយបេះដូង ជំងឺខ្សោយតំរងនោម ជំងឺងងឹតភ្នែក ជំងឺក្រឡាភ្លើងចំពោះស្ត្រីមានផ្ទៃពោះ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ជាក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកពាមជរ ស.ស.យ.ក. ស្រុក រដ្ឋបាលស្រុកពាមជរ ជាពិសេសក្រុមគ្រូពេទ្យសប្បុរសធម៌ ប៉ាយសួយឡាយយិនកម្ពុជា ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានលះបង់ធនធាន ពេលវេលា កម្លាំងកាយចិត្ត រៀបចំឱ្យមានកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញនូវស្មារតីសាមគ្គីភាព និងសង្គហភាពនៅក្នុងសហគមន៍ ក៏ដូចជានៅក្នុងសង្គមជាតិទាំងមូល។
ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តាំផ្ញើដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមនាឱកាសនោះទាំងអស់ ត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់តាមដាន និងថែរក្សាសុខភាព ឱ្យបានជាប្រចាំ។ ត្រូវរក្សាឱ្យបាននូវក្បួនអនាម័យដែលក្រសួងសុខាភិបាល បានណែនាំគឺត្រូវហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ឱ្យបានគ្រប់ពេលវេលា និងជួយអប់រំ រំលឹកទៅដល់កូនចៅឱ្យខិតខំរៀនសូត្រ ព្រមទាំងចៀសឱ្យឆ្ងាយគ្រឿងញៀន និងល្បែងទាំងឡាយដែលនាំមកនូវក្តីវិនាសអន្តរាយដល់ខ្លួន គ្រួសារ និងសង្គមជាតិ៕EB