សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់គ្រួសារណាមានលទ្ធភាព គួរយកកូនបន្ថែម ដើម្បីទប់ស្កាត់កង្វះកម្លាំងពលកម្មមនុស្សពេញវ័យ
ភ្នំពេញ៖ យោងតាមរបាយការណ៍ និងការព្យាករណ៍ តាមរយៈក្រសួងផែនការ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ទៅថ្ងៃខាងមុខ អាត្រាប្រជាជនវ័យជំទង់ ទាបជាងវ័យជរា ឬមនុស្សចាស់ ដែលកត្តានេះអាចនឹងធ្វើឲ្យកម្ពុជា ជួបផលប៉ះពាល់ដល់អាត្រាកង្វះខាត ធនធានកម្លាំងពលកម្ម មនុស្សពេញវ័យ ដែលនេះបានជាសម្តេចនាយករដ្ឋមន្ត្រី បន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលមានធនធានគ្រប់គ្រាន់ គួរបន្តយកកូនបន្ថែម ។
ថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២៤ របស់ក្រសួងផែនការ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា "ខ្ញុំក៏សូមលើកទឹកចិត្ត ដល់គូស្វាមីភរិយា ដែលមានលទ្ធភាពសេដ្ឋកិច្ច គួរមានកូនច្រើន ដើម្បីជៀសវាងបញ្ហាកង្វះពលកម្ម" ។
ជាមួយគ្នានេះ សម្តេចបានគូសបញ្ជាក់ថា "នៅក្នុងឆ្នាំ២០៥០ ហើយចាប់ផ្តើមជាបណ្តើរៗយើងឃើញថា មានការថយចុះ ចឹងជាថ្មីម្តងទៀត ទោះបីជាការព្យាករណ៍ ផ្អែកទៅលើទិន្ន័យនៃការជំរឿននេះ គិតថា យើងមិនទាន់មានជាបញ្ហាចោទ នៅឆ្នាំ២០៥០ ប៉ុន្តែយើងឃើញសញ្ញានៃការថយចុះ គម្លាតរវាង អ្នកដែលមានអាយុចាស់ លើសកម្លាំង កណ្តាលនៃអ្នកដែលពេញកម្លាំងនេះ គឺចាប់ផ្តើមកើន ហើយប្រសិនបើអាត្រានៃកំណើតកាន់តែថយទៀត យើងអាចមានបញ្ហាប្រឈម"។
យ៉ាងណាមិច នៅក្នុងសន្ទរកថា របស់សម្តេចនាឱកាសនេះ សម្តេចក៏បានរំលឹក ឲ្យពលរដ្ឋ គួរយកកូនបន្ថែម នាអំឡុងពេលនេះ រហូតមុនឆ្នាំ២០៥០ ខណៈនៅឆ្នាំ២០៥០ អាចជាឆ្នាំដែលមានការចំណាយខ្ពស់ ពិបាកក្នុងការផ្គត់ផ្គង់ ឬយកកូនច្រើន ។
សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា "មានកូនឥឡូវស្រួលជាងមានកូននៅឆ្នាំ២០៥០ ។ ២០៥០ ការចិញ្ចឹមកូន តម្លៃនៃការចិញ្ចឹមកូន និងការធានាចិញ្ចឹមកូន គឺខុសពីឥឡូវ ទាំងផ្នត់គំនិតរបស់ប្រជាជនផង"៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ