ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សកាន់អំណាច នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ បានប្រកាសខ្លាំងៗប្តូរផ្តាច់ក្នុងការសាងសង់ព្រែកជីកហ្វូណន-តេជោ ឱ្យខាងតែបាន នៅពេលខាងមុខនេះ ដើម្បីផ្តល់នូវប្រយោជន៍ដ៏មហិមាដល់ជាតិ និងប្រជាជនកម្ពុជា ទោះបីជាមានការជំទាស់ និងលាបពណ៌ដោយភាគីវៀតណាម និងមេដឹកនាំក្រុមជ្រុលនិយមកម្ពុជាក៏ដោយ។

ការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើកម្ពុជាមិនអាចរកលុយដើម្បីសាងសង់ព្រែកជីកនេះបាន កម្ពុជានឹងប្រមូលលុយពីឧកញ៉ា និងអ្នកឧកញ៉ា ជីកព្រែកនេះតែម្តង។ ជាមួយគ្នានេះ សម្តេចក៏បានរិះគន់ចំពោះ ក្រុមប្រឆាំងនៅក្រៅប្រទេស ជាពិសេស លោក សម រង្ស៉ី ដែលប្រឆាំងនឹងប្រយោជន៍របស់ខ្មែរដោយរារាំងចំពោះគម្រោងព្រែកជីកនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមណាស់ ដែលសម្តេចដាក់ចេញនយោបាយ កម្ចាត់ជនក្បត់ជាតិ៣ជំនាន់ ព្រោះជននេះ សូម្បីប្រយោជន៍ជាតិក៏ប្រឆាំងដែរ។ ទន្ទឹមនឹងនេះ សម្តេចក៏បានចំអកដល់ លោក សម រង្ស៉ី ដែលមិនស្គាល់ភូមិសាស្ត្រប្រទេសកម្ពុជាថែមទៀត ហើយរិះគន់ព្រែកជីកហ្វូណនតែខុសភូមិសាស្ត្រ។

សម្តេចតេជោ ហ៊ុន សែន ក៏បានសួរទៅ អ្នកសិក្សាស្រាវជ្រាវវៀតណាម ដែលវាយប្រហារចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលថានឹងធ្វើឱ្យបាត់ទឹក៧០ភាគរយនៅវៀតណាម ដោយសួរថា តើទឹក៧០ភាគរយបាត់ទៅណា? បើបាត់ទឹកគឺកម្ពុជា ជាអ្នកប៉ះពាល់មុនគេ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះតែមេដឹកនាំវៀតណាម មិននិយាយទៅពួកខាងក្រោម ទើបសម្តេចចេញមកនិយាយជាសាធារណៈ ប្រតិកម្មនឹងទស្សនៈនានាលើកឡើងដោយវៀតណាម។

សម្តេចតេជោ ហ៊ុន សែន ស្រែកឡើងភ្លាត់សំឡេងថា កម្ពុជាមិនល្ងង់ជាងវៀតណាមនោះឡើយ។ ជាង ៤០ឆ្នាំមកនេះ សម្តេចមិនដែលសម្រេចចិត្តខុសនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនល្ងង់យកកងទ័ពចិន មកដាក់លើទឹកដីខ្លួននោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា គម្រោងវារីអគ្គីសនីសាយ៉ាបូរី ក៏ធ្លាប់ត្រូវបានគេជំទាស់ដែរ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកប្រសាសន៍សម្តេចប្រាប់ទៅលោក ថងលុន ស៊ីសុលីត ថា វារីអគ្គិសនីនេះ ត្រូវគេជំទាស់ ព្រោះវិនិយោគដោយចិន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនរុញឱ្យប្រជាពលរដ្ឋស្អប់វៀតណាមនោះទេ តែខាងវៀតណាម ត្រូវធ្វើដូចគ្នា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វៀតណាម បានធ្វើទំនប់ច្រើនណាស់ ដើម្បីការពារផលដំណាំរបស់គេ ហើយបង្កជាផលប៉ះពាល់មកកម្ពុជា។សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅវិទ្យាស្ថានកាន់ធើរបស់វៀតណាម សិក្សាពីផលប៉ះពាល់លើកម្ពុជា ព្រោះទំនប់ទឹករបស់វៀតណាម។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា វៀតណាម នឹងយល់ពីកិច្ចការសាងសង់ព្រែកជីកហ្វូណន-តេជោ៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ