សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យភាគីពាក់ព័ន្ធ យកចិត្តទុកដាក់ចំពោះប្រភពទឹក ដើម្បីធានាឱ្យមានទឹកប្រើប្រាស់ប្រចាំថ្ងៃ
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំក្រុមការងារចុះមូលដ្ឋានសហការជាមួយអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ចំពោះប្រភពទឹក ដើម្បីធានាឱ្យមានទឹកប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជា ទឹកសម្រាប់ស្រោចស្រព។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធនឹងការឡើងកម្តៅដោយការប្រែប្រួលអាកាសធាតុ សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ណែនាំបន្តដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង ដើម្បីបង្កាគ្រោះអគ្គិភ័យដែលអាចកើតមានជាយថាហេតុក្នុងរដូវប្រាំងនេះ។
ទន្ទឹមនឹងនោះ សម្តេចធិបតី ក៏បានស្នើឱ្យក្រុមការងារចុះមូលដ្ឋានសហការជាមួយអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ចំពោះប្រភពទឹក ដើម្បីធានាឱ្យមានទឹកប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាទឹកសម្រាប់ស្រោចស្រព។
សម្តេចធិបតី ក៏បានណែនាំដល់ក្រសួងរ៉ែ និងថាមពលឱ្យពិនិត្យមើលលទ្ធភាពផ្គត់ផ្គង់អគ្គិសនី និងត្រៀមលក្ខណៈក្នុងករណីដែលមានបញ្ហាខ្វះទឹកសម្រាប់ផ្គត់ផ្គង់វារីអគ្គិសនី ខណៈដែលក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវយកចិត្តទុកដាក់លើការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ