ភ្នំពេញ ៖ នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៤ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីប្រកបដោយផ្លែផ្កាជាមួយលោក វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងទស្សនកិច្ចផ្លូវការរបស់ឯកឧត្ដម នៅព្រះរាជាណាចក្រកម្ពុជា។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនខ្លាំងក្លាលើគ្រប់វិស័យនៅក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ក្រោមកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។
ភាគីទាំងពីរក៏បានយល់ស្របអំពីសារៈសំខាន់នៃការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបប្រាស្រ័យទាក់ទងគ្នាយ៉ាងសកម្ម និងញឹកញាប់ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលបង្ហាញឱ្យឃើញអំពីជំនឿទុកចិត្តផ្នែកនយោបាយខ្ពស់ និងមិត្តភាពរឹងមាំដូចដែកថែបរវាងប្រទេសទាំងពីរ។ ការបន្តជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន ការអភិវឌ្ឍរួមគ្នានៃ «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល សេដ្ឋកិច្ច និងពាណិជ្ជកម្ម ក៏ត្រូវបានលើកយកមកពិភាក្សា។
ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រមុខការទូតទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមផងដែរ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ