ភ្នំពេញ ៖ ក្នុងឱកាសទស្សនកិច្ចគម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ គណៈប្រតិភូ នៃក្រសួងដីធ្លីហេដ្ឋរចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ប្រទេសជប៉ុន បានកោតសរសើរចំពោះការអភិវឌ្ឍនៃ គម្រោងលំនៅឋានទីក្រុងរណបមួយ ដែលជាគម្រោងលំនៅឋានតម្លៃសមរម្យដំបូងគេនៅកម្ពុជា។
 
លោក TAKAMIYA Shigetaka ប្រធានគណៈប្រតិភូក្រសួងដីធ្លី នៃប្រទេសជប៉ុន បានបញ្ជាក់ថា បន្ទាប់ពីបានសិក្សាស្វែងយល់ និងធ្វើទស្សកិច្ចនៅក្នុងគម្រោងលំនៅឋានតម្លៃសមរម្យទីក្រុងរណបសិរីមង្គលនេះហើយ លោក យល់ឃើញថា «គម្រោងនេះ គឺជាគម្រោងលំនៅឋានមួយដែលបានអភិវឌ្ឍន៍បានល្អ និងមានសោភ័ណភាពស្រស់ស្អាត»។ ជាពិសេស លោក ពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ដែលផ្ទះនៅក្នុងគម្រោងលំនៅឋានតម្លៃសមរម្យនេះ មានតម្លៃត្រឹមតែក្រោម ៣ម៉ឺនដុល្លារប៉ុណ្ណោះ ប៉ុន្តែមានគុណភាព និងផាសុខភាពល្អ សម្រាប់ឱ្យប្រជាជនកម្ពុជាអាចរស់នៅបាន។
 
បើតាម លោក ប្រាក់ អង្គារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដោយសារតែគម្រោងលំនៅឋានទីក្រុងរណបសិរីមង្គលបានអភិវឌ្ឍន៍ផ្តល់លំនៅឋានមានស្តង់ដា គុណភាព សោភ័ណភាពស្រស់ស្អាត តម្លៃសមរម្យ ភាពងាយស្រួលក្នុងការរស់នៅ និងមានប្លង់រឹងកម្មសិទ្ធិស្របច្បាប់ ស្របតាមអាទិភាពនិងគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការរស់នៅប្រកបដោយសុខដមរមនា ផាសុខភាព មានសាមគ្គីភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋមានប្រាក់ចំណូលទាបនិងមធ្យម ទើបខាង ក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ប្រទេសជប៉ុន ចុះមកទស្សនៈកិច្ចនាពេលនេះ ដើម្បីស្វែងយល់អំពីចំណុចខ្លាំង និងបទពិសោធន៍ល្អៗ ក្នុងការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យរបស់ក្រុមហ៊ុន។

លោក បានបន្ថែមទៀតថា គម្រោងនេះគឺជាសមិទ្ធិផលដ៏គួរជាទីមោទនៈ ដែលកើតចេញពីការសហការណ៍រវាងរាជរដ្ឋាភិបាល ដោយមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាសេនាធិការ និងក្រុមហ៊ុនវើលប្រ៊ីដ ហូម ស្របតាមគោលបំណងនៃគោលនយោបាយជាតិស្ដីពីលំនៅ      ឋាន។

លោក យក់ សុធីរិទ្ធ នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន វើលដ៏ប្រ៊ីដហូម បានលើកឡើងថា «ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា គម្រោងបានផ្តល់នូវលទ្ធភាពជូនដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ មានប្រាក់ចំណូលទាបនិងមធ្យម ក្នុងការទទួលបានលំនៅឋានមួយ ដែលមានប័ណ្ណកម្មសិទ្ធិប្លង់រឹងតកូនតចៅ និងបរិស្ថានរស់នៅប្រកបដោយសុខមាលភាព សោភ័ណភាព សណ្តាប់ធ្នាប់ ការរស់នៅស្អាត និងសេចក្តីថ្លៃថ្នូរ ក្នុងតម្លៃទាបក្រោម ៣ ម៉ឺនដុល្លារអាមេរិកតែប៉ុណ្ណោះ។ ជាពិសេស អតិថិជនមិនតម្រូវឱ្យចំណាយបង់ពន្ធប្រថាប់ត្រា៤% ពេលផ្ទេរកម្មសិទ្ធិនោះឡើយ ដោយពន្ធប្រថាប់ត្រានេះគឺជាបន្ទុករបស់រដ្ឋ»។

គួរបញ្ជាក់ថា លំនៅឋានទីក្រុងរណបសិរីមង្គល គឺជាគម្រោងលំនៅឋានតម្លៃសមរម្យធំជាងគេ និងទីមួយរបស់កម្ពុជា ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនវើលប្រ៊ីដហូម (Worldbridge Homes Co., Ltd) របស់ អ្នកឧកញ៉ា សៀ ឬទ្ធី ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាពីសាធារណៈជនទូទៅ។ គម្រោងនេះ តាមបណ្តោយផ្លូវជាតិលេខ២១ ភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ជិតផ្លូវក្រវ៉ាត់ក្រុងទី៣ និងនៅជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីតែប៉ុណ្ណោះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ