ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា កម្ពុជា ស្ថិតក្នុងស្ថានភាពមានសុខសន្តិភាព និងស្ថេរភាពនយោបាយ ហើយភាពជោគជ័យរបស់វិនិយោគិន គឺជាភាពជោគជ័យរបស់កម្ពុជាផងដែរ។


នាឱកាសអញ្ជើញជាអធិបតីភាពថ្លែងសុន្ទរកថាគន្លឹះ និងជាវាគ្មិនក្នុងកិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទកម្ពុជា គឺជាច្រកទ្វារទៅកាន់អាស៊ាន (Cambodia - Gateway to ASEAN) នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីអំពីសក្ដានុពលសំខាន់ៗដែលវិនិយោគិនគួរសម្រេចចិត្តជ្រើសយកកម្ពុជាជាទីតាំងវិនិយោគ ជាច្រកទ្វារទៅកាន់អាស៊ាន និងទៅកាន់ពិភពលោក។


លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «កម្ពុជាស្ថិតនៅចំបេះដូងនៃតំបន់អាស៊ានដែលមានប្រជាជនសរុបប្រមាណ ៦៧០លាននាក់ កម្ពុជាស្ថិតក្នុងស្ថានភាពមានសុខសន្តិភាព ស្ថេរភាពនយោបាយ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ស្ថេរភាពអតិផរណា ពិសេសជាងនេះ ៦០% នៃប្រជាពលរដ្ឋកម្ពុជាសរុបគឺជាយុវជនមានអាយុក្រោម២៥ឆ្នាំ ប្រកបដោយថាមពល ថាមវន្ត និងការខិតខំប្រឹងប្រែង»។


លោកឧបនាយករដ្ឋមន្ត្រី បន្ដថា រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលថ្មីនេះ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិជារួម។ កម្ពុជាយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍធនធានមនុស្ស ដូចជាដាក់ចេញកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងគ្រោះចំនួន ១,៥លាននាក់។


លោកឧបនាយករដ្ឋមន្ត្រី បន្ថែមថា ចំពោះវិស័យហេដ្ឋារចនាសម្ព័ន្ធ កម្ពុជាបាននិងកំពុងសាងសង់ ព្រមទាំងមានផែនការជាតិនានា សំដៅបង្កើនភាពប្រកួតប្រជែង និងសម្រួលដល់ការវិនិយោគរបស់វិនិយោគិន។ សំខាន់ជាងនេះទៅទៀត រដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលថ្មីនេះ បានផ្ដោតការយកចិត្តទុកដាក់ជាសំខាន់លើបច្ចេកវិទ្យា អាស្រ័យលើក្របខណ្ឌនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកំពុងធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP Online v4.0) ជាមួយនឹងចក្ខុវិស័យដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនវិនិយោគិន។


លោកឧបនាយករដ្ឋមន្ត្រី បន្ថែមទៀតថា ជាការយកចិត្តទុកដាក់របស់រដ្ឋាភិបាល កម្ពុជាបានការរៀបចំកិច្ចសម្របសម្រួលថែទាំវិនិយោគ ដោយរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីស្តាប់ពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយជូនវិនិយោគិន សំដៅបន្តលើកកម្ពស់និងជំរុញការកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍សង្កត់ធ្ងន់អំពីភាពជោគជ័យរបស់វិនិយោគិន គឺជាភាពជោគជ័យរបស់កម្ពុជាផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ