ភ្នំពេញ ៖ ដើម្បីចូលរួមអបអរសាទរ ទិវាសត្វព្រៃពិភពលោក ថ្ងៃទី ៣ មីនា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានបង្ហាញពីការគ្រប់គ្រងធនធនធម្មជាតិ ជាពិសេសអភិរក្សសត្វព្រៃ នៅកម្ពុជា សំដៅលើកកម្ពស់ការយល់ដឹងរបស់មហាជនអំពីមរតកធម្មជាតិ ដ៏មានតម្លៃសម្រាប់មនុស្សជាតិ។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៤ មីនា នេះ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា កម្ពុជា មានតំបន់ការពារធម្មជាតិចំនួន៧៣កន្លែង មានផ្ទៃដីជាង៧លានហិចតា ស្មើនឹង៤០% នៃផ្ទៃដីប្រទេស។ អ្នកនាំពាក្យ ក្រសួងបរិស្ថាន បានលើកឡើងថា យោងតាមផែនការយុទ្ធសាស្រ្ត និងសកម្មភាពនានា បានរកឃើញថា សត្វព្រៃនៅប្រទេសកម្ពុជាមានប្រមាណ ២០៨៥ ប្រភេទ (ថនិកសត្វ=១៤៧ បក្សី=៥៤៣ ល្មូន=១៤៥ ថលជលិគ=៥៩ ត្រី=១០៩៣ និងសត្វល្អិត=៩៨)។
លោក បានអះអាងថា ក្រសួងបរិស្ថាន និងអង្គការដៃគូធ្វើការអភិរក្សដោយផ្តោតសំខាន់ទៅលើប្រភេទសត្វដែលមានដោយកម្រ ជិតផុតពូជ និងកំពុងគំរាមកំហែងចំនួនប្រមាណ ១២៣ប្រភេទ (ថនិកសត្វ=២៥ បក្សី=៣៣ ល្មូន=២១ ថលជលិគ=៩ និងត្រី=៣៥) ជាមួយគ្នានេះ ប្រភេទសត្វជិតផុតពូជដែលមានច្រើនជាងគេនៅកម្ពុជារួមមាន៖ ថនិកសត្វមាន៖ ទន្សោង បក្សីមាន៖ក្ងរ (ត្រយ៉ង) យក្ស ចាបតេតកម្ពុជា និងត្រយ៉ងចំកកសជាដើម។
លោក បន្ថែមថា ប្រទេសកម្ពុជាក៏ចាត់ទុកជាប្រទេស ដែលមានវត្តមានប្រភេទសត្វ ដែលមានដោយកម្រ ជិតផុតពូជ និងកំពុងគំរាមកំហែងច្រើនដូចជា៖ ទន្សោង ត្រយ៉ងយក្ស ត្រយ៉ងចំកកស និងចាបតេតកម្ពុជាជាដើម មានវត្តមានតិចជាងប្រទេសជិតខាងដូចជា ដំរីអាស៊ី និងខ្ទីងជាដើម។
លោក បានលើកឡើងបន្ថែមថា កម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ខ្លាំង សហការការជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្គការដៃគូ ការពារមតរកធម្មជាតិ រួមមានព្រៃឈើ សត្វព្រៃនិង ជិវៈចម្រុះ ដើម្បីបន្តទុកដល់កូនចៅជំនាន់ក្រោយ និងជាពិសេសធានាដល់ថែរក្សាប្រព័ន្ធអេកូឡូស៊ី ប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ និងឆ្ពោះទៅសម្រេចទស្សនវិស័យប្រទេសអព្យាក្រឹតកាបូនឆ្នាំ២០៥០៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ