អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ណែនាំដល់អ្នកប្រើប្រាស់បណ្ដាញសង្គម ត្រូវប្រុងប្រយ័ត្នរាល់ការចែកចាយរូបភាព ដែលមានអត្តសញ្ញាណរបស់ខ្លួន លើគណនីបណ្តាញសង្គម
ភ្នំពេញ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា ការប្រើប្រាស់បណ្តាញសង្គម នៅក្នុងយុគសម័យឌីជីថលអាចជួយសម្រួលដល់ការទំនាក់ទំនង ការផ្តល់សេវាកម្ម ឬការផ្ញើឯកសារផ្សេងៗ ដែលជាផ្នែកមួយនៃឌីជីថលភាវូបនីយកម្ម។ ប៉ុន្តែ ទន្ទឹមនឹងអត្ថប្រយោជន៍នៃការប្រើប្រាស់បណ្តាញសង្គម ក៏បង្កឱ្យមានហានិភ័យ និងបទល្មើសបច្ចេកវិទ្យានានាផងដែរ ក្នុងនោះ មានការយករូបភាពដែលមានអត្តសញ្ញាណបុគ្គលរបស់អ្នកប្រើប្រាស់ទៅប្រព្រឹត្តបទល្មើសផ្សេងៗ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់។
គួរបញ្ជាក់ថា ហានិភ័យដែលអាចកើតឡើង នៅពេលដែលអ្នកចែករំលែក (Share/Sent ) ព័ត៌មាន ឬអត្តសញ្ញាណផ្ទាល់ខ្លួននៅលើបណ្តាញសង្គម រួមមាន៖
១. ការលួចយកអត្តសញ្ញាណ ៖ ការបង្ហាញរូបភាពអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន, អាសយដ្ឋានអ៊ីម៊ែលផ្ទាល់ខ្លួន, លេខទូរស័ព្ទ អាចឱ្យជនឧក្រិដ្ឋ ឬ Hacker ងាយស្រួលក្នុងការស្វែងទិន្នន័យអ្នកបានយ៉ាងរហ័សនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឬអ៊ិនធើណឺតជាដើម ហើយជនខិលខូចអាចលួចយកគណនីបណ្តាញសង្គមរបស់អ្នក ដើម្បីក្លែងបន្លំជាអត្តសញ្ញាណអ្នក និងប្រព្រឹត្តបទលើ្មស
២. ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត ៖
- ជនខិលខូចអាចប្រើរូបថត និងវីដេអូ ឬព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក គំរាមកំហែងជំរិតទារប្រាក់យ៉ាងច្រើនពីអ្នក ដែលជាថ្នូរនឹងការលុបព័ត៌មាន ឬរូបភាព វីដេអូទាំងនោះ
- ជនខិលខូចអាចប្រើប្រាស់គណនីរបស់អ្នកទៅបង្ហោះខ្លឹមសារមិនសមរម្យ ឬរូបភាព វីដេអូអាសអាភាស ដែលអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងវិជ្ជាជីវៈរបស់អ្នកជាដើម ។
៣. កម្ចីអនឡាញខុសច្បាប់ ៖ ក្រុមជនខិលខូចយករូបភាពអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ភ្ជាប់នឹងរូបថតរបស់លោកអ្នកធ្វើការកម្ចីអនឡាញខុសច្បាប់។
ហេតុដូចនេះ ដើម្បីទប់ស្កាត់ហានិភ័យខាងលើ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមចែករំលែកនូវវិធីសាស្រ្តមួយចំនួន ដូចជា៖
កំណត់ព័ត៌មាន ឬអត្តសញ្ញាណបុគ្គលឱ្យបានច្បាស់មុនពេលផ្ញើរូបភាព ឬឯកសារដែលមានទិន្នន័យផ្ទាល់ខ្លួន, ជៀសវាងផ្សព្វផ្សាយរូបភាពដែលមានអត្តសញ្ញាណរបស់អ្នកលើបណ្តាញសង្គមគ្រប់ប្រភេទ, ផ្លាស់ប្តូរ ឬកំណត់លេខសម្ងាត់របស់គណនីសង្គមដែលពិបាកទស្សន៍ទាយ, និងបើកមុខងារសុវត្ថិភាព two-factor authentication, ហើយជាពិសេស ត្រូវរាយការណ៍ទៅអាជ្ញាធរ ឬមន្រ្តីជំនាញជាបន្ទាន់ក្នុងករណីអ្នកជួបនូវហានិភ័យដែលបានរៀបរាប់ខាងលើ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ