ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានថ្លែងថា អ្នកធ្វើការក្នុងវិស័យយុត្តិធម៌ទាំងឡាយណា ដែលពាក់ព័ន្ធនឹងរឿងគ្រឿងញៀន នឹងត្រូវបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីចាត់ការតាមនីតិវិធី។

លោកឧបនាយករដ្ឋមន្ត្រី ថ្លែងបែបនេះ ក្នុងឱកាសក្រសួងយុត្តិធម៌ បើកមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេស ឆ្នាំ២០២៣ និងលើកទិសដៅអាទិភាព ឆ្នាំ២០២៤ នៅសណ្ឋាគារ Garden City ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងថា រឿងគ្រឿងញៀននេះ ត្រូវប្តូរផ្តាច់ទាំងអស់គ្នា រួមគ្នាប្រយុទ្ធប្រឆាំង ព្រោះគ្រឿងញៀនមិនត្រឹមតែបំផ្លាញសន្តិសុខទេ តែបំផ្លាញទាំងធនធានមនុស្សកម្ពុជាទៀតផង។ លោកយល់ថា បើមិនប្តូរផ្តាច់ទេ ច្រើនឆ្នាំទៅមុខទៀត សង្គមជាតិនឹងត្រូវបានបំផ្លាញ។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្វីដែលចាប់អារម្មណ៍ជាងគេ គឺវិធានការគន្លឹះទី៤ និងវិធានការគន្លឹះទី៥ រឿងគ្រឿងញៀន អីចឹងហើយបានជាខ្ញុំបានប្រកាសជាសាធារណៈនៅក្នុងសន្និសីទសារព័ត៌មាន(ថា) វិស័យយុត្តិធម៌ ត្រូវតែដាច់ខាងលើបញ្ហាគ្រឿងញៀន។ ត្រង់ស្ថាប័នផ្សេងទៀត គេធ្វើយ៉ាងម៉េចជារឿងរបស់ស្ថាប័នផ្សេង ដើម្បីអនុវត្តវិធានការគន្លឹះទី៤ របស់សម្តេចមហាបវរធិបតី ប៉ុន្តែវិស័យយុត្តិធម៌របស់យើង ត្រូវតែប្រកាន់គោលការណ៍នេះច្បាស់លាស់»។

លោកបានបន្តថា «ខ្ញុំសូមបញ្ជាក់ម្តងហើយម្តងទៀត ខ្ញុំបានប្រកាសហើយ ខ្ញុំមិនអាចដកពាក្យនេះបានទេ បើរកឃើញថា មានការពាក់ព័ន្ធផលប្រយោជន៍ជាមួយមេគ្រឿងញៀន ខ្ញុំសុំទោស ខ្ញុំអត់មានជម្រើសអីក្រៅពីបញ្ជូនព័ត៌មាន និងសំណុំរឿងនេះ ទៅអង្គភាពប្រឆាំងអំពើពុករលួយ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ