ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា រយៈពេល ៦ខែ ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤ មានគម្រោងចំនួន ១៧៣គម្រោង បានចុះបញ្ជីវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ហើយមានទំហំទឹកប្រាក់ជាង ៤ពាន់លានដុល្លារ ព្រមទាំងបង្កើតការងារជូនប្រជាពលរដ្ឋ ១៧ម៉ឺននាក់។

គួរបញ្ជាក់ថា រយៈពេល ៦ខែនេះ គឺជាពេលវេលា នៃការបង្កើតរាជរដ្ឋាភិបាលថ្មី ដឹកនាំ សម្ដេចធិបតី ហ៊ុន ម៉ាណែត។

នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រាល់គម្រោងដែលបានចុះបញ្ជីវិនិយោគនៅ CDC គឺត្រូវមានឯកសារគ្រប់គ្រាន់ រួមទាំងមានទីតាំងដីផ្ទាល់ ឬជួលដីបានច្បាស់លាស់ ដូច្នេះក្រុមហ៊ុន ដែលចុះបញ្ជីភាគច្រើន គឺអនុវត្តគម្រោងទាំងនោះ។

សម្ដេចធិបតី មានប្រសាសន៍ថា «ចឹងក្នុងរយៈពេល ៦ខែនេះ គម្រោង ១៧៣គម្រោង ហើយទុនវិនិយោគ ៤ ១៥០លានដុល្លារ។ ក្រុមហ៊ុន មិនអាចបង្កើតមួយយប់ទេ ប៉ុន្ដែក្នុងរយៈពេល ៦ខែនេះ ដែលគាត់ចាប់អារម្មណ៍មកចុះឈ្មោះ បញ្ជីសិក្សាសម្រេចចិត្តរើសកម្ពុជា ជៀសជាងរើសប្រទេសផ្សេង។ ជាង ៤ពាន់លាន បានសម្រេចចិត្តមកយើង ហើយក្នុងនោះ លទ្ធភាពបង្កើតការងារបានជាង ១៧ម៉ឺនកន្លែង ក្នុងគម្រោង ១៧៣គម្រោងនេះ»។

សម្ដេចធិបតី បន្ដថា ប្រភព នៃការវិនិយោគនេះ មានមកពីប្រទេសចិន សិង្ហាបុរី អាមេរិក កូរ៉េខាងត្បូង វៀតណា ថៃ ជប៉ុន និងប្រទេសជាច្រើនទៀត ព្រមទាំងពីកម្ពុជា ខ្លួនឯងផងដែរ។ ក្នុងរយៈពេល ៦ខែនេះ រាជរដ្ឋាភិបាលកម្ពុជា បានដើរទាក់មួយ មិនមែនមកខ្យល់នោះទេ។

នាឱកាសនោះដែរ សម្ដេច នាយករដ្ឋមន្ដ្រី បានឲ្យដឹងទៀតថា នាពេលខាងមុខនេះ នឹងមានគណៈប្រតិភូវិនិយោគិនកូរ៉េខាងត្បូង នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។ ខណៈ សម្ដេច ក៏នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ក្នុងខែឧសភា ឆ្នាំ២០២៤នេះផងដែរ។

សម្ដេចធិបតី គូសបញ្ជាក់ថា «នៅក្នុងពេលខាងមុខនេះ គឺមានគណៈប្រតិភូវិនិយោគិនកូរ៉េខាងត្បូង នឹងមក។ ហើយនៅខែ ៥ (ឧសភា) ខ្ញុំនឹងទៅកូរ៉េខាងត្បូង ដើម្បីទស្សនកិច្ចផ្លូវការ តាមការអញ្ជើញរបស់ឯកឧត្ដមប្រធានាធិបតី»។

សម្ដេចធិបតី បន្ថែមទៀតថា ក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅកូរ៉េខាងត្បូងនាពេលខាងមុខនេះ សម្ដេច នឹងជជែកពិភាក្សាជាការងារជាមួយ លោកប្រធានាធិបតីកូរ៉េត្បូង ដើម្បីទាក់ទាញការវិនិយោគិនពីកូរ៉េខាងត្បូង មកវិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ