ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ការចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាខឿនសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចសង្គម ឌីជីថល ដោយបានដាក់បញ្ចូលបច្ចេកវិទ្យាឈានមុខទាំងឡាយ ក្នុងប្រព័ន្ធខ្សែច្រវាក់ផលិតកម្ម និងសេវាកម្មសាធារណៈផ្សេងៗ។



នាឱកាសអញ្ជើញជាអធិបតីបើក «ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២» នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដែលបានប្រារព្ធទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍លើកទី២ ព្រមជាមួយការរៀបចំនូវព្រឹត្តិការណ៍អមសំខាន់ៗ ក្នុងនោះរួមមាន៖ ពិព័រណ៍បច្ចេកវិទ្យា និង គ្រឿងឧបករណ៍ កម្មន្តសាល, ពិព័រណ៍វិទ្យាសាស្ត្រ, វេទិកាពិភាក្សាស្តីពីបច្ចេកវិទ្យា, ពានរង្វាន់អ្នកវិទ្យាសាស្ត្រកម្ពុជាឆ្នើម។


សម្ដេចធិបតី មានប្រសាសន៍ថា «ជាមួយនឹងការចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ជាខឿនសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចសង្គម ឌីជីថល ដោយបានដាក់បញ្ចូលបច្ចេកវិទ្យាឈានមុខទាំងឡាយ ក្នុងប្រព័ន្ធខ្សែច្រវាក់ផលិតកម្ម និងសេវាកម្មសាធារណៈផ្សេងៗ ដើម្បីបង្កើនផលិតភាពស្របតាមឧត្តមានុវត្តអន្តរជាតិ និងជាកត្តាសត្យានុម័តមិនអាចខ្វះបាន»។


សម្ដេចធិបតី បន្ដថា ព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី ២ រយៈពេល ៣ថ្ងៃនេះ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ តាមរយៈការពិសោធន៍ ការមើលឃើញផ្ទាល់ ដោយឆ្លុះបញ្ចាំងអំពីការជំរុញកិច្ចសហប្រតិបត្តិការរវាងតួអង្គពាក់ព័ន្ធ ក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ ដើម្បីចាំយកសក្ដានុពលនៃវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ បំផុសការយល់ដឹង ក្នុងចំណោមតួអង្គធ្វើជាគោលនយោបាយ សិក្សាស្រាវជ្រាវ និងវិស័យឯកជន។


សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមទៀតថា ជាពិសេសការដាក់បញ្ចូលបច្ចេកវិទ្យា នៅក្នុងខ្សែសង្វាក់ផលិតកម្ម ដើម្បីជំរុញផលិតភាព និងបង្កើនតម្លៃបន្ថែមសម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងបរិការណ៍ដែលបណ្ដាប្រទេសនៅលើសកលលោក កំពុងតែបន្តការហ៊ុព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជា រួមទាំងកម្ពុជា ផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ