ភ្នំពេញ ៖ លោក វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានរដ្ឋវៀតណាម បានជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងថ្នាក់ដឹកនាំជំនាន់ក្រោយ ពោរពេញដោយថាមភាព កម្ពុជានឹងបន្តអភិវឌ្ឍកាន់ខ្លាំងក្លាទៅមុខ បន្ថែមទៀត។

ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅវៀតណាម លោក វ៉ វ៉ាន់ធឿង បានអបអរសាទរចំពោះ សម្តេចធិបតី ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធាន គណបក្សប្រជាជនកម្ពុជា ដោយនេះពិតបានបង្ហាញយ៉ាងមុតមាំ អំពីជំនឿទុកចិត្តរបស់គណបក្ស មកលើសមត្ថភាព នៃការដឹកនាំរបស់ សម្តេចធិបតី ។

លោកប្រធានរដ្ឋ ក៏បានសម្តែងនូវការពេញចិត្ត ចំពោះដំណើរទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នាឱកាសនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការបន្តពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម ឱ្យកាន់តែជិតស្និទ្ធរឹងមាំបន្ថែមទៀត ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដ៏ល្អរវាងប្រទេស និងប្រជាជន ទាំងពីរ ។

លើសពីនេះ លោក វ៉ វ៉ាន់ធឿង បានបង្ហាញនូវការជឿជាក់ថា «ក្រោមការដឹកនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជំនាន់ក្រោយ ដែលពោរពេញដោយថាមភាពនេះ គឺកម្ពុជានឹងបន្តការអភិវឌ្ឍរបស់ខ្លួនកាន់ខ្លាំងក្លាទៅមុខបន្ថែមទៀត»។

ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកប្រធានរដ្ឋ និងបញ្ជាក់ផងដែរថា ប្រទេសវៀតណាម គឺជាប្រទេសទី១ នៅក្នុងតំបន់ អាស៊ានដែល សម្តេចធិបតី បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការក្នុងនាមជានាយករដ្ឋមន្ត្រី ដើម្បីលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ។

ក្នុងជំនួបនេះ សម្តេចធិបតី បានជម្រាបជូន លោកប្រធានរដ្ឋវៀតណាម អំពីលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំពិភាក្សាជាមួយនឹង លោកនាយករដ្ឋមន្ត្រី វៀតណាម ដោយក្នុងនេះ កម្ពុជា-វៀតណាម នឹងបង្កើន កិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ ជាច្រើន ជាពិសេសការបង្កើត នូវយន្តការកិច្ច សហប្រតិបត្តិការ នៅក្នុងវិស័យទេសចរណ៍ត្រីភាគីកម្ពុជា-ឡាវ-វៀតណាម «កញ្ចប់ទេសចរណ៍ប្រទេសបី គោលដៅតែមួយ (Three Countries One Destination Package)» ជាដើម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ