ព្រៃវែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង បានជំរុញនិងលើកទឹកឱ្យយុវជន បន្តការខិតខំរៀនសូត្រទាំងពីសាលារៀន សហគមន៍ សង្គមជាតិ និងពីបរិបទអន្តរជាតិ ដោយត្រូវចាប់យកជំនាញច្បាស់លាស់យ៉ាងហោចណាស់មួយ ហើយត្រូវតែអភិវឌ្ឍន៍ជំនាញនោះដោយភ្ជាប់នឹងសង្គមឌីជីថល។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង នៅមន្ទីរគណបក្សខេត្ត នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ការសិក្សារៀនសូត្រមិនមែនត្រឹមតែជាការខិតខំជាប្រចាំ និងគ្មានទីបញ្ចប់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែមានគោលបំណងជាក់លាក់ ដើម្បីសម្រួចលើជំនាញដ៏ច្បាស់លាស់ក្នុងជីវិត ពីព្រោះទីផ្សារការងារបច្ចុប្បនិងទៅអនាគតនិយាយជារួម និងដោយឡែក តម្រូវការធនធានមនុស្សនៅតាមក្រសួងស្ថាប័នរដ្ឋ សុទ្ធតែបានផ្ដល់តម្លៃខ្ពស់ដល់អ្នកដែលមានជំនាញច្បាស់លាស់ ប្រកបដោយគុណវឌ្ឍិ សីលធម៌ និងគុណធម៌ ដើម្បីធានាគុណភាព និងប្រសិទ្ធភាពនៃការបំពេញតួនានិងភារកិច្ច។

ក្នុងន័យនេះ និងក៏ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យដ៏ជឿនលឿនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាឆ្លើយតបនិន្នាការសកល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់អនុសាសន៍លើកទឹកចិត្តឱ្យក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង និងយុវជនខ្មែរទូទាំងប្រទេស កុំរំលងឱ្យសោះការភ្ជាប់ជំនាញរបស់ខ្លួនទៅនឹងប្រព័ន្ធឌីជីថល ទាំងការអភិវឌ្ឍសមត្ថភាព និងការធ្វើទំនាក់ទំនង។

យ៉ាងណាក៏ដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានរម្លឹកបន្ថែមថា ក្នុងនាមជាអ្នកបន្តវេននៃគ្រួសារ និងសង្គមជាតិ យុវជនត្រូវតែប្រកាន់ឱ្យជាប់នូវស្មារតី បន្តវេនដើម្បីការពារជាតិ ការពារទឹកដី ជំរុញការអភិវឌ្ឍ កសាងប្រទេសជាតិ ការពារឯករាជ្យ និងអធិបតេយ្យជាតិឱ្យឋិតថេរគង់វង្ស ពោលគឺទោះជាបំពេញការងារអ្វី ឬមានមុខរបរអ្វី និងរស់នៅទីណាក៏ដោយ ម្នាក់ៗត្រូវតែបំពាក់ឱ្យខ្លួននូវឧត្តមគតិស្នេហាជាតិ និងប្រជាជន ហើយលើកកម្ពស់ជាប្រចាំនូវឧត្តមគតិដ៏បរិសុទ្ធនេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ