ភ្នំពេញ ៖ តាមរយៈសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា មហាសន្និបាត ពង្រឹងខឿនការពារជាតិ មិនឱ្យកម្លាំងណាមកបំផ្លាញបានឡើយ លប់បំបាត់នយោបាយជ្រុលនិយមគ្រប់រូបភាព ពង្រឹងសន្តិសុខ និងសុវត្ថិភាពសង្គម ផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។

នាឱកាសនោះ មហាសន្និបាត បានពិនិត្យពិភាក្សាយ៉ាងល្អិតល្អន់អំពីបញ្ហាប្រឈមនានា នៅក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ ទាំងកត្តាខាងក្នុង ទាំងកត្តាខាងក្រៅ ហើយបានធ្វើស្វ័យត្រួតពិនិត្យចំពោះចំណុចខ្វះខាតផ្សេងៗ ក្នុងការអនុវត្ត គោលនយោបាយ ក៏ដូច ក្នុងការកសាងពង្រឹងគណបក្ស និងបានដាក់ចេញនូវទិសដៅការងារសំខាន់ៗ ដែលត្រូវពុះពារអនុវត្តឱ្យបានសម្រេច រួមមាន៖

-ពង្រឹងខឿនការពារជាតិ ថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ មិនឱ្យកម្លាំងណាមកបំផ្លាញបានឡើយ លប់បំបាត់នយោបាយជ្រុលនិយមគ្រប់រូបភាព ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ផ្តល់ភាពកក់ក្តៅ ជូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្តទាំងផ្លូវកាយ និងផ្លូវចិត្ត។

-ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជបល្ល័ង្ក និងការពារព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មិនឱ្យជនណាមកបំពារបំពានបានឡើយ។ បន្តពង្រឹងលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងលើកកម្ពស់ការគោរពសិទ្ធិមនុស្សតាមគន្លងនីតិរដ្ឋ។ ចូលរួមសកម្មក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាល ទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដោយគោរពម៉ឺងម៉ាត់តាម ច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។

-បន្តជំរុញដំណើរការកែទម្រង់ស៊ីជម្រៅក្នុងវិស័យនានាប្រកបដោយឆន្ទៈមុតស្រួច និងសង្គតិភាព តាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដើម្បីធានានូវអភិបាលកិច្ចល្អ យុត្តិធម៌សង្គម និងការអភិវឌ្ឍ។ ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ភាពស្អាតស្អំ និងឆ្លើយតបទាន់ ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

-រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ខិតខំជំរុញកំណើនសេដ្ឋកិច្ច ឆ្នាំ២០២៤ ឱ្យបានសម្រេច តាមការគ្រោងទុក លើមូលដ្ឋានប្រើប្រាស់ដោយឈ្លាសវៃនូវភាពអំណោយផលនានារបស់កម្ពុជា និងការជំរុញអនុវត្តនូវយុទ្ធសាស្ត្រ និងក្របខណ្ឌគោលនយោបាយនានារបស់រាជរដ្ឋាភិបាល នៅក្នុងវិស័យសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។

-បន្តជំរុញការអភិវឌ្ឍប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងចីរភាពហិរញ្ញវត្ថុ តាមស្មារតី «មិនបោះបង់ចោលប្រជាពលរដ្ឋណាម្នាក់» និងស្មារតីបុរេសកម្ម សំដៅធានាសន្តិសុខ ប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន ជាពិសេសប្រជាជនក្រីក្រ និង ងាយរងគ្រោះទាំងនៅទីជនបទ និងទីប្រជុំជន។ ព្រមជាមួយនោះ ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព និង ប្រសិទ្ធផលនូវកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ ចំណុច និងកម្មវិធីជំនួយសង្គមផ្សេងៗទៀត ដើម្បីធានាស្ថិរភាព និងលើកកម្ពស់ជីវភាពរបស់ប្រជាជន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ