ម្ចាស់ដី ដែលចាក់ថ្មចូលផ្ទៃទន្លេ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម គោរពតាមអាជ្ញាធរខេត្ត ដើម្បីកាយយកថ្មទាំងនោះ ចេញពីផ្ទៃទន្លេវិញ តាមការកំណត់របស់អាជ្ញាធរ
ភ្នំពេញ ៖ លោក ទន់ ឆៃអ៊ាង ដែលបានចាក់ថ្មចូលទន្លេមេគង្គ ស្ថិតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានសន្យានៅចំពោះមុខអាជ្ញាធរថា ក្រុមការងាររបស់លោក នឹងខិតខំប្រឹងប្រែងអនុវត្តទៅតាមការណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម ដោយកាយយកថ្មចេញពីទន្លេ ឲ្យអស់យ៉ាងយូរជាង ១០ថ្ងៃ។
លោក ទន់ ឆៃអ៊ាង បានបញ្ជាក់ថា ក្រុមការងាររបស់លោក ធ្វើការ២៤ម៉ោងលើ២៤ម៉ោង ដោយបច្ចុប្បន្នកាយបានប្រមាណ១០ភាគយហើយ ដោយប្រើគ្រឿងចក្រអាអិច៦គ្រឿង ប្លុងតុង២ និងរថយន្ត២គ្រឿង សម្រាប់កាយថ្មចេញពីទន្លេឱ្យរួចរាល់ក្នុងរយៈពេលជាង១០ថ្ងៃទៀត។
នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម បានដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យមើលផ្ទាល់ការងារកាយថ្មចេញពីទន្លេមេគង្គឡើងវិញ ក្រោយអាជ្ញាធរបានទុកពេល ៧០ថ្ងៃ ឲ្យបុគ្គលដែលចាក់ថ្មចូលទន្លេធ្វើការកាយឲ្យអស់ឡើងវិញ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តកំពង់ចាម នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ រដ្ឋបាលខេត្ត បានកំណត់ឲ្យភាគីម្ចាស់ដី ដែលធ្វើសកម្មភាពចាក់ថ្មី ចូលផ្ទៃ ទន្លេនេះ ត្រូវតែអនុវត្តដូចជា ៖
១- បញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដោយគ្មានច្បាប់អនុញ្ញាត ទោះក្នុងហេតុផលណាមួយក៏ដោយ។
២- ត្រូវធ្វើការកាយ និងយកថ្ម ដែលបានចាក់រួចហើយនេះចេញវិញឲ្យអស់យ៉ាងយូរក្នុងរយៈពេល ៧០ថ្ងៃកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់ទៅថ្ងៃក្រោយ សម្រាប់ការធ្វើចរាចរណ៍តាមផ្លូវទឹក។
៣- ភាគីម្ចាស់ដី ត្រូវធ្វើសេចក្តីរាយការណ៍មករដ្ឋបាលខេត្តកំពង់ចាម ក្នុងរយៈពេល០១ខែម្តង (រៀងរាល់ចុងខែនីមួយៗ) ពីវឌ្ឍនភាពនៃការកាយថ្មចេញពីទន្លេ។ ក្រុមការងាររបស់រដ្ឋបាលខេត្តកំពង់ចាម នឹងចុះធ្វើការពិនិត្យ តាមដានការអនុវត្តវិធានការនេះ នៅរៀងរាល់មួយសប្តាហ៍ម្ដង ឬពេលវេលាជាក់ស្តែង៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ