ភ្នំពេញ ៖ អាជ្ញាធរ បានបញ្ឈប់ការប្រកបអាជីវកម្មទូកកាណូតទេសចរណ៍ឈ្មោះ «បុប្ផាអង្គរ» ចាប់ពីថ្ងៃនេះតទៅ បន្ទាប់ពីម្ចាស់ទទួលស្គាល់ថា «ពិតជាបានបោះចោលសំរាមចូលក្នុងទន្លេ ពិតប្រាកដមែន»។

ការប្រកបអាជីវកម្មទូកកាណូតទេសចរណ៍ឈ្មោះ «បុប្ផាអង្គរ» នេះ បន្ទាប់ពីមានហ្វេសប៊ុកឈ្មោះ Buntha Chheang បានសរសេរថា «សូមសមត្ថកិច្ចខណ្ឌដូនពេញ ជួយមើលទូកដឹកភ្ញៀវទេសចរមួយនេះ ដឹកសំរាមទៅបោះចោលក្នុងទន្លេ រួចបើកចូលមកខាងវិញ»។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ រដ្ឋបាលខណ្ឌដូនពេញ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានចែកចាយនៅតាមបណ្តាញសង្គមពីគណនីហ្វេសបុកឈ្មោះ Buntha Chheang រួចមក, នៅថ្ងៃទី២៩ ឧសភា នេះ រដ្ឋបាលខណ្ឌដូនពេញ បានអញ្ជើញម្ចាស់ទូកកាណូតទេសចរណ៍ដែលមានឈ្មោះ បុប្ផាអង្គរ មកសាកសួរ ហើយម្ចាស់ទូកខាងលើ បានអះអាងទទួលស្គាល់ ថា ពិតជាបានបោះចោលសំរាមចូលក្នុងទន្លេពិតប្រាកដមែន។

បន្ទាប់ពីបានធ្វើការសាកសួរ រួចមក រដ្ឋបាលខណ្ឌ បានសម្រេចដូចខាងក្រោម ៖
១-អប់រំណែនាំដល់ម្ចាស់ទូកកាណូតទេសចរណ៍ខាងលើ ឱ្យយល់ច្បាស់ពីច្បាប់ស្តីពីបរិស្ថាន។

២-ផាកពិន័យម្ចាស់ទូកកាណូតទេសចរណ៍ខាងលើ ជាទឹកប្រាក់ចំនួន ២០០,០០០រៀល តាមជំពូកទី៧ នៃអនុក្រឹត្យលេខ ១១៣ អនក្រ.បក របស់ក្រសួងបរិស្ថាន។

៣-បញ្ឈប់ការប្រកបអាជីវកម្មទូកកាណូតទេសចរណ៍ឈ្មោះ បុប្ផាអង្គរ ជាស្ថាព័រចាប់ពីថ្ងៃនេះតទៅ។

រដ្ឋបាលខណ្ឌដូនពេញ សូមអរគុណដល់ម្ចាស់គណនី Buntha Chheang ដែលបានបង្ហោះ ក្នុងន័យដើម្បីថែរក្សាដល់បរិស្ថានរបស់យើង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ