ភ្នំពេញ ៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) បានណែនាំឱ្យពង្រឹងការគ្រប់គ្រងប្រតិបត្តិការល្បែងផ្សងសំណាង នៅប្រទេសកម្ពុជា។

ការណែនាំរបស់ គ.ល.ក បានធ្វើឡើងបន្ទាប់ពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី១៤ កុម្ភៈ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់រដ្ឋបាលរាជធានីខេត្តឱ្យពិនិត្យឡើងវិញ ទីតាំងល្បែងផ្សងសំណាង បញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណថ្មី និងអាចឈានទៅដកអាជ្ញាប័ណ្ណទូទាំងប្រទេស។

តាមរយៈសេចក្ដីណែនាំរបស់ គ.ល.ក នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គ.ល.ក បានសង្កេតឃើញថា នៅតាមមូលដ្ឋានរាជធានី-ខេត្តមួយចំនួន មានការលួចលាក់ធ្វើអាជីវកម្មល្បែងផ្សងសំណាងនៅលើទីតាំង ដែលគ្មានអាជ្ញាបណ្ណល្បែងផ្សងសំណាង ឬអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង និងលិខិតអនុញ្ញាត ប៉ុស្តិ៍សេវាល្បែងផ្សងសំណាងពី គ.ល.ក។

លើសពីនេះ លួចលាក់បង្កប់ល្បែងស៊ីសងខុសច្បាប់ រួមមាន៖ ឆ្នោត កន្ទុយលេខ ខេណូ (KENO) និងល្បែងស៊ីសងខុសច្បាប់ដទៃទៀត ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

ប្រភព ដដែល បន្ដថា ក្នុងគោលបំណងធានាបាននូវនិរន្តរភាពនៃការគ្រប់គ្រង រក្សា បាននូវសណ្ដាប់ធ្នាប់សាធារណៈ និងសីលធម៌សង្គមឱ្យបានល្អប្រសើរ និងដើម្បីគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាងឱ្យស្របទៅតាមច្បាប់ គ.ល.ក ដាក់ចេញសេចក្តីណែនាំ មួយចំនួនដូចជា ៖ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមសៀវភៅបន្ទុកស្តីពីលក្ខខណ្ឌនៃការផ្តល់អាជ្ញាបណ្ណល្បែងផ្សងសំណាង ព្រមទាំងត្រូវធ្វើប្រតិបត្តិការអាជីវកម្មនៅទីតាំងដែលមានបញ្ជាក់នៅលើអាជ្ញាបណ្ណល្បែងផ្សងសំណាង ឬអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាង តែប៉ុណ្ណោះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ