ភ្នំពេញ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា Bitcoin គឺជារូបិយប័ណ្ណអេឡិចត្រូនិក ឬរូបិយប័ណ្ណឌីជីថលមួយប្រភេទ នៅក្នុងចំណោមរូបិយប័ណ្ណឌីជីថល ឬរូបិយប័ណ្ណគ្រីបតូជាច្រើន (Crypto Currency) ដែលបង្កើតឡើងដោយការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យា និងរូបមន្តគណិតវិទ្យាដែលមានភាពស្មុគស្មាញ។ អ្នកកាន់កាប់រូបិយប័ណ្ណអេឡិកត្រូនិក “Bitcoin” អាចផ្ទេរពីបុគ្គលម្នាក់ ទៅកាន់បុគ្គលម្នាក់ទៀត បានយ៉ាងឆាប់រហ័ស ជាមួយកម្រៃជើងសារតិច និងពុំឆ្លងកាត់ធនាគារកណ្តាលឡើយ ពោល Bitcoin គឺជារូបិយប័ណ្ណឯករាជ្យ ដែលពុំមានរដ្ឋណាមួយគ្រប់គ្រងនោះទេ។
ថ្មីៗនេះ រូបិយប័ណ្ណអេឡិចត្រូនិកដ៏ល្បីមួយប្រភេទមានឈ្មោះថា “Bitcoin” បានឡើងតំលៃរហូតដល់ជាង ៧០,០០០ដុល្លារ ក្នុងមួយកាក់ឬក្នុង 1Bitcoin ដែលធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សូមរំលឹកផងដែរថា Bitcoin ធ្លាប់ឡើងដល់ជាង ៦០,០០០ដុល្លារ នៅឆ្នាំ២០២១ និងធ្លាក់ចុះវិញនៅត្រឹមតែ ១៦,០០០ដុល្លារ ក្នុងឆ្នាំ២០២២។
បច្ចុប្បន្នយើងសង្កេតឃើញវត្តមាន មនុស្សជាច្រើនបានចាប់អារម្មណ៍ជាមួយរូបិយប័ណ្ណអេឡិចត្រូនិក “Bitcoin” រហូតឈានដល់ការបណ្តាក់ទុន ឬវិនិយោគជាមួយរូបិយប័ណ្ណអេឡិចត្រូនិកមួយនេះតាមរយៈឈ្មួញកណ្តាល ឬគេហទំព័រផ្សេងៗ ដែលយើងហៅថា “Broker ឬ Exchange” នៅលើប្រព័ន្ធអ៉ិនធឺណេត។
កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៤ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី “ការមិនទទួលស្គាល់ ឧបករណ៍ Bitcoin និងឧបករណ៍អេឡិចត្រូនិកដែលមានលក្ខណៈប្រហាក់ប្រហែលនៅទីផ្សារប្រទេសកម្ពុជា”។ ពោល ប្រទេសកម្ពុជា ពុំទាន់ទទួលស្គាល់រូបិយប័ណ្ណអេឡិចត្រូនិក “Bitcoin” នៅឡើយនោះទេ។
ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះការវិនិយោគជាមួយរូបិយអេឡិចត្រូនិក “Bitcoin” និងរូបិយប័ណ្ណអេឡិកត្រូនិកផ្សេងទៀត ដែលអាចនាំឲ្យកើតមានហានិភ័យដូចជា៖
១. ប្រឈមនឹងការចាញ់បោកឈ្មួញកណ្តាល ប្រេីប្រាស់មធ្យោបាយអូសទាញ ប្រេីប្រាស់កម្មវិធី (App) ឬគេហទំព័រក្លែងបន្លំ
២. ប្រឈមនឹងការបាត់បង់ ដែលបង្កដោយឧក្រិដ្ឋជនបច្ចេកវិទ្យា លួចយករូបិយប័ណ្ណអេឡិចត្រូនិក ឬទ្រព្យសម្បត្តិឌីជីថល
៣. ជនខិលខូចអាចប្រើប្រាស់គម្រោងបោកប្រាស់បន្តគ្នា " PONZI SCHEME " ដែលលសន្យាថានឹងទទួលបានផលចំណេញខ្ពស់ដល់អ្នកវិនិយោគ ដោយមានហានិភ័យតិច និងចំណេញលឿន
៤. ធ្លាក់ចូលអន្ទាក់ ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យាផ្សេងៗដូចជា ឆបោក ជួញដូរគ្រឿងញៀន ល្បែងអនឡាញ ចាប់ជំរិត សម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្មជាដើម៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ