លោក ស៊ុន ចាន់ថុល ៖ ម៉ាស៊ីនផលិតទឹកបរិសុទ្ធ WATERGEN ដែលមានតម្លៃ៦ម៉ឺនដុល្លារ មានសមត្ថភាពផលិតទឹកដោយស្វ័យប្រវត្តិពីខ្យល់ក្នុងបរិយាកាស ដោយមិនចាំបាច់ភ្ជាប់ជាមួយទុយោ
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ម៉ាស៊ីនផលិតទឹកបរិសុទ្ធ ដោយបរិយាកាសធម្មជាតិ-WATERGEN (ប្រភេទ GEN-M) ជាបច្ចេកវិទ្យា មកពីប្រទេសអ៊ីស្រាអែល មានសមត្ថភាពអាចផលិតទឹកបរិសុទ្ធដោយស្វ័យប្រវត្តិ ពីខ្យល់ក្នុងបរិយា កាស ដោយមិនចាំបាច់តភ្ជាប់ជាមួយប្រភពទឹកទុយោឡើយ។
ក្នុងពិធីប្រគល់-ទទួលម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស-WATERGEN (ប្រភេទ GEN-M) អំណោយ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា «លក្ខណៈពិសេស ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស ធម្មជាតិ-WATERGEN (ប្រភេទ GEN-M) ជាបច្ចេកវិទ្យា មកពីប្រទេសអ៊ីស្រាអែល មានសមត្ថភាពអាចផលិតទឹកបរិសុទ្ធដោយស្វ័យប្រវត្តិពីខ្យល់ក្នុងបរិយាកាស បានប្រមាណ៨០០លីត្រក្នុងមួយថ្ងៃ ដោយមិនចាំបាច់តភ្ជាប់ជាមួយប្រភពទឹកទុយោ និងអាចផ្គត់ផ្គង់ទឹក ប្រកបដោយគុណភាពនិងសុវត្ថិភាពខ្ពស់ កាត់បន្ថយផលប៉ះពាល់បរិស្ថានផ្សេងៗថែមទៀតផង»។
លោកបន្ដថា ម៉ាស៊ីននេះអាចផ្តល់អត្ថប្រយោជន៍សម្រាប់ ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ ជួយឲ្យពួកគាត់អាចសន្សំសំចៃថវិកា បានមួយចំណែក និងបានបន្ថែមថា ម៉ាស៊ីននេះក៏អាចយកទៅប្រើប្រាស់បាននៅតាមសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាពរបស់បណ្ដាភូមិ ឃុំ ស្រុកទាំងឡាយណាដែលខ្វះខាតទឹកប្រើប្រាស់បានផងដែរ។
សូមបញ្ជាក់ថា ម៉ាស៊ីនផលិតទឹកបរិសុទ្ធ ដោយបរិយាកាសធម្មជាតិ-WATERGEN (ប្រភេទ GEN-M) ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ចំនួន១គ្រឿង មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ចំនួន១គ្រឿង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន១គ្រឿង និងកាកបាទក្រហមកម្ពុជាចំនួន១គ្រឿង (រួមជាមួយ នឹងរថយន្តចល័ត និងម៉ាស៊ីងភ្លើងមួយឈុតដើម្បីធ្វើសកម្មភាពមនុស្សធម៌នៅ តាមមជ្ឈដ្ឋាននានានៅ កម្ពុជា ដែលអាច ជួបគ្រោះរាំងស្ងួត ឬមានតម្រូវការប្រើប្រាស់ទឹកស្អាតជាចាំបាច់៕EB