ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ការផ្គត់ផ្គង់ទឹកកសិកម្មពុំទាន់គ្រប់គ្រាន់  តាមតម្រូវរបស់កសិករ ពិសេស នៅពេលកសិករជួបប្រទះគ្រោះរាំងស្ងួត។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងកសិកម្ម។

ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងចុងក្រោយ គោលនយោបាយអភិវឌ្ឍន៍ វិស័យកសិកម្ម ឆ្នាំ២០២១-២០៣០ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ លោក វេង សាខុន បានឲ្យដឹងថា រាជរដ្ឋាភិបាល មានចក្ខុវិស័យវែងឆ្ងាយ ក្នុងការធ្វើទំនើបកម្ម វិស័យកសិកម្ម ដូចជា៖ ការអនុវត្តការដាំដុះក្នុងផ្ទះសំណាញ់, ការប្រើប្រាស់ប្រព័ន្ធស្រោចស្រព សន្សំសំចៃទឹក, ការព្រោះស្រូវដោយឧបករណ៍ទំនើប ដោយប្រើកម្លាំងពលកម្មតិចបំផុត និងការប្រើដ្រូនបាចជីកសិកម្មជាដើម។

លោកបន្ដថា ទោះជាមានសន្ទុះនៃការរីកចម្រើនយ៉ាងណាក្តី ក៏វិស័យកសិកម្ម នៅជួបបញ្ហាប្រឈមជាច្រើន ដូចជា ៖ ផលិតភាពកសិកម្មនៅមានកម្រិតទាប គួបផ្សំនឹងផលប៉ះពាល់ ផ្នែកសេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩ ក៏មានការព្រួយបារម្ភ អំពីស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅក្នុងប្រទេស ក៏ដូចជា ការប្រកួតប្រជែងទីផ្សារ នៃផលិតផលកសិកម្មផងដែរ។

លោកបញ្ជាក់ថា «ម្យ៉ាងទៀត ការផ្ទេរបច្ចេកទេសកសិកម្មទំនើប ដល់កសិករ នៅពុំទាន់បានគ្រប់គ្រាន់ស្របតាម សេចក្តីត្រូវការជាក់ស្តែងក្នុងបរិបទ នៃការប្រែប្រួលបច្ចេកវិទ្យាទំនើប។ ការផ្គត់ផ្គង់ទឹកកសិកម្ម នៅពុំទាន់គ្រប់គ្រាន់ តាមតម្រូវការប្រើប្រាស់ របស់កសិករនៅឡើយ ពិសេសនៅពេលដែលកសិករ ជួបប្រទះគ្រោះរាំងស្ងួត។ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រកសិកម្មដទៃទៀត ដូចជា ៖ ផ្លូវ កសិដ្ឋាន ដើម្បីសម្រួលការដឹកជញ្ជូន ផលិតផលរបស់កសិករ ប្រព័ន្ធស្តុកទុក ឃ្លាំងសម្ងួត ឃ្លាំងត្រជាក់ នៅមិនទាន់បង្កើតបានគ្រប់គ្រាន់ សម្រាប់ការធ្វើកសិ-ពាណិជ្ជកម្ម ឲ្យមានប្រសិទ្ធភាព សម្រាប់បម្រើឲ្យការនាំចេញ ផលិតផលកសិកម្ម ទៅកាន់ទីផ្សារអន្តរជាតិ គួបផ្សំនឹងតម្លៃអគ្គិសនីផងដែរ»។

លើសពីនេះទៀត លោករដ្ឋមន្ដ្រី លើកឡើងទៀតថា កត្តាប្រែប្រួលអាកាសធាតុ គ្រោះរាំងស្ងួត បានវាយលុកមកលើផលិតកម្ម ដំណាំកសិកម្ម បញ្ហាជំងឺឆ្លងសត្វ និងការទន្ទ្រានកាន់កាប់ដីព្រៃឈើ ព្រៃលិចទឹកនៅតំបន់មួយចំនួន នៅតែកើតមាន ដែលត្រូវតែចាត់វិធានការ ដោះស្រាយឲ្យបានខ្លាំងក្លាបន្ថែមទៀត។

សូមរំលឹកថា ឆ្នាំ២០២១ តម្លៃផលិតផលកសិកម្មសរុប មានទំហំ១៨ពាន់លានដុល្លារ កើនជាង៤៣% ធៀបទៅនឹងតម្លៃផលិតផលកសិកម្មសរុប ក្នុងឆ្នាំ២០២០។ ដោយឡែក តម្លៃនៃការនាំចេញ ផលិតផលកសិកម្មសរុប សម្រាប់ឆ្នាំ២០២១ មានទំហំជាង ៥ ពាន់លានដុល្លារអាមេរិក គឺមានកំណើន ២៥% ធៀបទៅនឹងឆ្នាំ២០២០៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ