ភ្នំពេញ ៖ កម្ពុជារំពឹងទុកថា នឹងទទួលបានភ្ញៀវទេសចរមកពីប្រទេសចិនច្រើនមុនគេ នៅពេលណាដែលពិភពលោកកម្ចាត់ជំងឺកូវី១៩ចេញបាន ខណៈទីផ្សារទេសចរចិនជាទីផ្សារធំមួយ សម្រាប់កម្ពុជា ហើយកម្ពុជាក៏កំពុងត្រៀមខ្លួនទទួលភ្ញៀវទេសចរមកពីប្រទេសមហាអំណាចមួយនេះផងដែរ។យោងតាមគេហទំព័រហ្វសប៊ុករបស់ក្រសួងទេសចរណ៍។
នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានថ្លែងក្រោយបញ្ចប់កិច្ចប្រជុំជាមួយវិស័យឯកជនក្នុងវិស័យទេសចរណ៍ ជុំវិញការរកដំណោះស្រាយលើផលប៉ះពាល់វិស័យទេសចរណ៍នាសម័យកូវីដ១៩ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។
លោក ថោង ខុន បានឱ្យដឹងថា ទីផ្សារទេសចរចិនជាទីផ្សារធំមួយ ដែលនឹងងើបឡើងវិញមុនគេនូវនៅតាមគោលដៅទេសចរណ៍អន្តរជាតិមួយចំនួន (គោលដៅទេសចរណ៍ដែលមានសុវត្ថិភាព)។
លោកបានថ្លែងយ៉ាងដូច្នេះថា៖«នៅពេលរដ្ឋាភិបាលចិនអនុញ្ញាតឱ្យប្រជាជនរបស់ខ្លួនអាចដើរចេញក្រៅ ឬបើកឱ្យមានការហោះហើរចេញក្រៅប្រទេសឡើងវិញ យើងគិតថាអាចនឹងមានលំហូរទេសចរចិនមុនគេមកកម្ពុជា»។
លោកក៏បានបញ្ជាទៅគ្រប់ផ្នែកជំនាញរបស់ក្រសួងទេសចរណ៍ ត្រូវជំរុញការត្រៀមខ្លួនទទួលភ្ញៀវទេសចរចិនឡើងវិញ ដោយអនុលោមតាមសៀវភៅស «China Ready» និងត្រូវជំរុញឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ និងគោលដៅទេសចរណ៍នានាបន្ថែមនូវការអនុវត្តវិធានការសុវត្ថិភាពសុខភាពរបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាដាច់ខាត។
ពិសេសលើសពីនេះ នៅពេលក្រសួងទេសចរណ៍សម្រេចបានស្ដង់ដាថ្មីសម្រាប់អាជីវកម្មទេសចរណ៍ហើយនោះ អាជីវកម្មទេសចរណ៍ទាំងអស់ត្រូវតែអនុវត្តតាមស្ដង់ដាថ្មីនេះជាកំហិត ដើម្បីបង្ការការពារប្រជាពលរដ្ឋ និងភ្ញៀវទេសចរពីការឆ្លងជំងឺកូវីដ-១៩។
តែទោះជាយ៉ាងណា នៅចំពោះមុខនេះ កម្ពុជានឹងជំរុញឱ្យមានចលនាទេសចរក្នុងស្រុកជាមុនសិន ដើម្បីធ្វើឱ្យវិស័យទេសចរណ៍ក្នុងស្រុកមានភាពល្អប្រសើរបណ្ដើរៗឡើងវិញ ជាមួយនឹងការកំហិតឱ្យមានការអនុវត្តតាមវិធានការការពាររបស់ក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាល៕ E B