លោក Trump ចេញបញ្ជាហាមឃាត់ប្រតិបត្តិការ WeChat, TikTok
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីហាមឃាត់ប្រតិបត្តិការរបស់ក្រុមហ៊ុនមេ TikTok ឈ្មោះ បៃដេនស៍ (ByteDance) និង ធិនសេន (Tencent) ជាម្ចាស់របស់ WeChat និងទុកពេល ៤៥ថ្ងៃ ដើម្បីលក់កម្មវិធីនេះ ទៅឲ្យក្រុមហ៊ុនអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។
បទបញ្ជាប្រតិបត្តិ នេះបានកើតឡើង ខណៈដែលរដ្ឋបាល ត្រាំ បាននិយាយនៅសប្តាហ៍នេះថាខ្លួនកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់កម្មវិធីចិន ដែលមិនគួរឱ្យទុកចិត្តពីបណ្តាញឌីជីថលសហរដ្ឋអាមេរិក និងបាននិយាយថា TikTok និង WeChat ជាការគំរាមកំហែងដល់សន្តិសុខជាតិ ដោយចោទប្រកាន់ថាកម្មវិធីទូរស័ព្ទដ៏ល្បីទាំងនេះបានចែករំលែកទិន្នន័យអ្នកប្រើប្រាស់ ជាមួយរដ្ឋាភិបាលចិន។
កាលពីសប្តាហ៍មុនចិនបានស្នើឱ្យសហរដ្ឋអាមេរិក បើកទីផ្សារដោយបើកចំហរ ដោយស្មើភាព មិនមានភាពរើសអើង បញ្ឈប់បញ្ហានយោបាយនិងសេដ្ឋកិច្ច ដោយថានេះជាការរំលោភលើគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក។
ការហាមឃាត់ TikTok របស់សេតវិមាន បានធ្វើឱ្យមានការខឹងសម្បារក្នុងចំណោមអ្នកប្រើប្រាស់ចំនួន ៧០លាននាក់នៅអាមេរិក។ ទីភ្នាក់ងារស៊ីនហួ បានរាយការណ៍ថា hashtag #savetiktok2020 កំពុងតែកើនឡើង ហើយវីដេអូដែលមាន hashtag #ban មានចំនួនអ្នកចូលមើលច្រើនជាង ៦២០លាននាក់នៅយប់ថ្ងៃអាទិត្យនៅលើ TikTok៕SS