អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន សូមអរគុណនូវការលើកឡើងរបស់បណ្ឌិត ឆេង គឹមឡុង អនុប្រធានទីពីរ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ស្តីពីជម្រុញរាជរដ្ឋាភិបាល ពន្លឿនការចាក់វ៉ាក់សាំងនៅចំពោះមុខការរាតត្បាតជំងឺកូវីដ-១៩។ ប៉ុន្តែសូមកុំភ្លេចថា បច្ចុប្បន្ននេះ កម្ពុជា ស្ថិតនៅក្នុងស្ថានភាពចម្លងជាចង្កោមៗរាយប៉ាយតាមកន្លែងនិមួយៗ ហើយ វ៉ាក់សាំងកូវីដ-១៩ តែមួយមុខ មិនមែនជាដំណោះស្រាយមាសសម្រាប់ទប់ទល់ឆ្លេីយតបទៅនឹងការរាតត្បាតជំងឺកូវីដ-១៩ នោះឡើយ។ ការវ៉ៃឈ្នះកូវីដ-១៩ នៅពេលនេះ មិនមែនរំពឹងលើតែវ៉ាក់សាំងមួយមុខប៉ុណ្ណោះទេ។ 

វិធានការរួមគ្នា មាន ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ = បង្កើតបាននូវកងការពារដ៏រឹងមាំសម្រាប់បុគ្គល ក្នុងការការពារពីភាពធ្ងន់ធ្ងរសុខភាពដែលអាចកើតមានឡើងពីការវ៉ៃលុករបស់វីរុសកូវីដ-១៩ និងកាត់បន្ថយបាននូវបន្ទុកចូលសម្រាកពេទ្យផង និងកាត់បន្ថយបានជាអតិប្បរិមានូវការកើតជំងឺនេះក្នុងសហគមន៍ផង។ 

ដូច្នេះ ការចាក់វ៉ាក់សាំង ក៏កំពុងតែធ្វើជាបន្តបន្ទាប់ ( អាស្រ័យលើចំនួនវ៉ាក់សាំងដែលមានបច្ចុប្បន្ន) គួបគ្នាជាមួយនិងការអនុវត្តវិធានការ ៣ការពារ និង ៣កុំ ដើម្បីឆ្លើយតបនៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះ។ 

សូមបងប្អូនប្រជាពលរដ្ឋបន្តអនុវត្តន៍វិធានការខាងលើ ទោះជាមិនទាន់ដល់វេនចាក់វ៉ាក់សាំងក៏ដោយ (សូមអធ្យាស្រ័យដោយវ៉ាក់សាំងទទួលបានមានកម្រិតចំនួន) ក៏មិនត្រូវរងចាំតែវ៉ាក់សាំង ហើយភ្លេចខ្លួន ឫមិនបានអនុវត្តន៍វិធានការការពារខ្លួន ៣ការពារ និង ៣កុំ នោះឡើយ។ មានតែ ៣ការពារ និង ៣កុំ ដែលជួយលោកអ្នកបានរួចផុតពីការចម្លងវីរុសកូវីដ-១៩ ហើយដល់វេនចាក់វ៉ាក់សាំង សូមស្ម័គ្រចិត្តទីចាក់ ដើម្បីសុខភាពផ្ទាល់ខ្លួន សុខភាពក្រុមគ្រួសារខ្លួន និងសុខភាពសហគមន៍របស់ខ្លួនផងដែរ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ