កំពង់ស្ពឺ ៖ បច្ចុប្បន្ន កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការការពារបូរណភាពទឹកដី ប៉ុន្តែយើងមិនអាចនៅនឹងថ្កល់នោះទេ។ នេះជាការបញ្ជាក់ជាថ្មីរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ពីសមត្ថភាពកងទ័ពកម្ពុជា នៅក្នុងការពារទឹកដៅ។ ទោះយ៉ាងណា ដោយសារតែការរីកចម្រើនឥតឈប់ឈរនៃប្រព័ន្ធបច្ចេកវិទ្យា កម្ពុជា ក៏ត្រូវតែបន្តធ្វើទំនើបកម្ម និងការកែសម្រួលអង្គភាពទ័ព និងធនធានមនុស្សក្នុងវិស័យការពារជាតិ ឱ្យស្របនឹងការវិវឌ្ឍបច្ចេកវិទ្យា ដើម្បីធានា និងបង្កើនប្រសិទ្ធភាពការពារជាតិរបស់ខ្លួន។

ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣២ ទិវាកងរាជអាវុធហត្ថ  នៅថ្ងៃ១៤ កក្កដា ពីខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃចន្ទ ទី១៤ កក្កដា សម្តេច នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ចប្ចុប្បន្ន ការប្រឈមមុខរបស់កម្ពុជា គឺសង្គ្រាមដែលគេប្រើមធ្យោបាយកូនកាត់ ឬ ចម្រុះ (Hybrid Warfare)។

សម្តេច ហ៊ុន ម៉ាណែត ពន្យល់បន្ថែមដូច្នេះ «សង្គ្រាមហ្នឹងបានន័យថាម៉េច? មិនប្រើប្រាស់កម្លាំងប្រដាប់អាវុធទេ ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដើម្បីបំភ្លៃព័ត៌មាន។ ប្រើប្រាស់ពួក Hacker ដើម្បីវាយទៅលើប្រព័ន្ធបច្ចេកវិទ្យា វាយទៅលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងការពារជាតិ របស់ប្រទេសមួយ របស់កងទ័ពមួយ ព្រោះឥឡូវឧបករណ៍ទាំងអស់គេប្រើអេឡិចត្រូនិក អ៊ីចឹងគេប្រើ Hacker ដើម្បីកម្ទេច។ ជួនកាលប្រើអាវុធយើង ដើម្បីបាញ់ខ្លួនយើងផង។»។  

សម្រាប់ ប្រមុខរាជរដ្ឋាភិបាល ការធ្វើទំនើបកម្មក្នុងវិស័យយោធា និងការពារជាតិនេះ គឺសំដៅលើចំណុចសំខាន់ៗ៣យ៉ាង គឺទំនើបកម្មរចនាសម្ព័ន្ធអង្គភាព ទំនើបកម្មធនធានមនុស្ស និងការធ្វើទំនើបកម្មគ្រឿងសព្វាវុធ បំពាក់ក្នុងជួរកងទ័ព។

ដើម្បីធានាបាននូវលទ្ធភាពនៃការធ្វើទំនើបកម្មនេះ សម្តេច ហ៊ុន ម៉ាណែត ក៏បានរំឭកឡើងវិញអំពីការបង្កើនថវិកាជាតិ នៅក្នុងវិស័យជាតិបន្ថែមទៀត ខណៈដែលកន្លងមកកម្ពុជា បានផ្តល់អាទិភាពទៅលើវិស័យផ្សេងៗ មានជាអាទិ៍ វិស័យអប់រំ សុខាភិបាល និងសង្គមកិច្ចនោះ។ នាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ការគិតគូរការបង្កើនថវិកាក្នុងវិស័យការពារជាតិ តែចាយយ៉ាងណា ឱ្យចំគោលដៅនោះគឺការប្រឆាំងនឹងប៉ុនប៉ងឈ្លានពាន និងការការពារជាតិប៉ុណ្ណោះ។

«ត្រូវធ្វើទំនើបកម្មឱ្យស្របនឹងសំណូមពរ ភារកិច្ច និងបេសកកម្មការពារជាតិ ការពារបូរណភាពទឹកដី ប្រឆាំងនឹងការប៉ុនប៉ង ឈ្លានពាននានា។ ការការពារជាតិរបស់យើង ការកសាងកងទ័ពរបស់យើង មិនសម្រាប់ទៅវាយដណ្តើមដីអ្នកណាទេ ប៉ុន្តែដើម្បីការការពារជាតិរបស់យើង។ នេះគឺជាបេសកកម្មរបស់យើង។»។ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ