ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតី កិច្ចប្រជុំក្រុមការងារនីតិកម្ម ក្នុងការបែងចែកការទទួលខុសត្រូវ និងក្រុមស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៃក្រុមប្រឹក្សានីតិកម្ម នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា គ្រឹះដែលធ្វើឱ្យស្ថាប័នរឹងមាំពីមួយអាណត្តិ ទៅមួយអាណត្តិប្រកបដោយនិរន្តរភាព គឺការពង្រឹងច្បាប់ទម្លាប់និងការអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តជាចាំបាច់។

លោក ឧបនាយករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍អំពីសារសំខាន់នៃការកសាងច្បាប់ និងកែលម្អរាល់លិខិតបទដ្ឋានគតិយុត្ត ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ទៅតាមការវិវត្តទៅមុខនៃសង្គមជាតិ និងពិភពលោក ដើម្បីជាប្រយោជន៍រួម ដោយឈរលើគោលការណ៍ពង្រឹងនីតិរដ្ឋ រួមទាំងរបៀបរៀបរយក្នុងសង្គម។ ប្រមុខក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យក្រុមប្រឹក្សានីតិកម្ម សម្របសម្រួលការពង្រឹងច្បាប់ដែលមានស្រាប់និងធ្វើបច្ចុប្បន្នភាពច្បាប់ ដែលមានអាយុកាលលើសពី១០ឆ្នាំ ដើម្បីឆ្លើយតបនឹងភាពជាក់ស្ដែងនៃសង្គម។

គួរកត់សម្គាល់ថា ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ ដឹកនាំដោយប្រធានមួយរូប មានឋានៈ និងបុព្វសិទ្ធិស្មើអនុរដ្ឋលេខាធិការ និងមានអនុប្រធាន មានឋានៈ និងបុព្វសិទ្ធិស្មើអគ្គនាយកជាជំនួយការ ព្រមទាំងមានសមាជិកក្រុមប្រឹក្សានីតិកម្ម មានឋានៈនិងបុព្វសិទ្ធិស្មើប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ។

ក្រុមប្រឹក្សានីតិកម្ម មានតួនាទីសំខាន់ ដូចជាសហការជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃក្នុងការលើកផែនការកសាង សិក្សា ស្រាវជ្រាវ តាក់តែងសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងឯកសារចាំបាច់ផ្សេងទៀតរបស់ក្រសួងមហាផ្ទៃឱ្យស្របតាមទិសដៅ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សហការជាមួយអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃក្នុងការកសាងបញ្ជីផែនការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ជាដើម។ 

សូមបញ្ជាក់ថា ក្រុមប្រឹក្សានីតិកម្មមានអង្គភាពចំណុះចំនួន ៥ រួមមាន ១.នាយកដ្ឋានរដ្ឋបាលសរុប ២.ក្រុមស្រាវជ្រាវច្បាប់និងលិខិតបទដ្ឋានគតិយុត្តនគរបាលជាតិ ៣.ក្រុមស្រាវជ្រាវច្បាប់និងលិខិតបទដ្ឋានគតិយុត្តរដ្ឋបាលស៊ីវិល ៤.ក្រុមស្រាវជ្រាវច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្រសួង ស្ថាប័ននានា និង៥.ក្រុមស្រាវជ្រាវច្បាប់និងលិខិតបទដ្ឋានគតិយុត្តអន្តរជាតិ។ បច្ចុប្បន្ន ក្រុមប្រឹក្សានីតិកម្មដឹកនាំដោយ ឯកឧត្តម ហ៊ន យុវនា ដែលកាន់មុខតំណែងប្រធានក្រុមប្រឹក្សានីតិកម្មចាប់ពីឆ្នាំ២០២២ អមដោយអនុប្រធាន៣០រូប និងសមាជិក៣៨រូប៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ