CAMSOC កំណត់យកថ្ងៃទី៧សីហា ប្រកាសជ័យលាភីស្នាដៃនិងរាប់ថយក្រោយ១០០០ថ្ងៃ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានកំណត់យកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ខាងមុខឆាប់ៗនេះ ដើម្បីប្រារព្ធកម្មវិធីដ៏ធំមួយស្តីពីការប្រកាសពានរង្វាន់ជូនជ័យលាភីស្លាកសញ្ញា-និមិត្តសញ្ញា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ និងពិធីរាប់ថយក្រោយ ១០០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដោយគ្រោងនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។"
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានគូសបញ្ជាក់ថា តាមការគ្រោងទុកពិធីនេះនឹងត្រូវធ្វើឡើង នាវេលាម៉ោង៥ល្ងាច ថ្ងៃទី៧ សីហា ឆ្នាំ២០២០។, ពិធីប្រកាសបេក្ខជន បេក្ខនារី ដែលជាម្ចាស់ជ័យលាភី ស្លាកសញ្ញា-និមិត្តសញ្ញា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងជូនរង្វាន់លើកទឹកចិត្ត។ ចំណាប់អារម្មណ៍របស់ជ័យលាភី ការសម្តែងសិល្បៈ និងពិធីរាប់ថយក្រោយ ១០០០ថ្ងៃ សន្ធឹកស្គរជ័យ។ ចំពោះបាវចនារបស់សីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺ «កីឡារស់ក្នុងសន្តិភាព-SPORT LIVE IN PEACE»។
សូមបញ្ជាក់ថា ដំណើរឆ្ពោះទៅរៀបចំ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយចាប់រាប់ពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ តទៅរហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃពិធបើកជាផ្លូវការ មានចំនួន១០០០ថ្ងៃគត់។ រីឯទទួលរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ ឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់ស៊ីហ្គេម លើកទី៣២ រយៈពេលជាង១០ថ្ងៃ ដែលមានការបរិច្ឆេទពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕SP