ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ហៅកាត់ គ.ជ.ប.អ. បានរៀបចំពិធីរាប់ថយក្រោយ១.០០០ថ្ងៃ នៃដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ខាងមុខ ។
ពិធីនេះក៏ត្រូវបានរៀបចំឡើងរួមគ្នាជាមួយនឹងពិធីប្រកាសពានរង្វាន់ជូនជ័យលាភី ស្លាកសញ្ញា-និមិត្តសញ្ញា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ផងដែរ ។
ពិធីនេះត្រូវបានរៀបចំឡើងនៅពហុកីឡាដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តីក្រសួងការពារជាតិ និង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.អ ។
សូមបញ្ជាក់ថា ដំណើរឆ្ពោះទៅរៀបចំ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយចាប់រាប់ពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ តទៅរហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃពិធីបើកជាផ្លូវការ មានចំនួន១.០០០ថ្ងៃគត់។ រីឯពិធីរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ ឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់ស៊ីហ្គេម លើកទី៣២ រយៈពេលជាង១០ថ្ងៃ ដែលមានកាលបរិច្ឆេទពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕EB