ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានប្រកាសជាផ្លូវការពីការមកហូបចុក-ស្នាក់ដោយឥតគិតថ្លៃ សម្រាប់ប្រតិភូអត្តពលិកអាស៊ីអាគ្នេយ៍ទាំងអស់ ដែលចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។

ក្រោយកិច្ចប្រជុំពិសេសមួយ ក្រោមវត្តមាន សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍CAMSOC-CAMAPGOC នាថ្ងៃទី១៨ មេសា លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានថ្លែងថា នេះជាការផ្តល់ភាពកក់ក្តៅបន្ថែមដល់ប្រតិភូកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាឱ្យទទួលបានជោគជ័យជាកំណត់ត្រាថ្មីមួយ ដោយម្ចាស់ផ្ទះកម្ពុជានឹងមិនតម្រូវឱ្យប្រតិភូកីឡាអាស៊ីអាគ្នេយ៍ទាំងអស់បង់ថ្លៃហូបចុក-ស្នាក់នៅ ក្នុងម្នាក់ៗ ៥០ដុល្លារអាម៉េរិក ក្នុង១ថ្ងៃៗនោះឡើយ។

លោក បន្ដថា នេះជាព័ត៌មានមួយ ដល់បណ្តាប្រទេសទាំងអស់ ដែលកំពុងត្រៀមចូលរួមប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្នុងបំណងចម្បងជំរុញឱ្យព្រឹត្តិការណ៍កីឡាទាំងមូលនៅកម្ពុជាទទួលបានភាពកក់ក្តៅ និងជោគជ័យទាំងអស់គ្នា។ នេះជាសម្រេចចិត្តដ៏វិសេសវិសាលមួយ មិនធ្លាប់មានក្នុងប្រវត្តិស៊ីហ្គេម ហើយក្នុងនាមជាម្ចាស់ផ្ទះនឹងគោរពនូវការសម្រេចចិត្តដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។

សូមរំលឹកថា គិតថ្ងៃទី១៩ មេសា ឆ្នាំ២០២៣ នេះ គឺនៅសល់តែ១៦ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ