ខេត្តចំនួន៣ រួមមាន ខេត្តសៀមរាប ព្រះសីហនុ និងកែប ដែលមានសក្ដានុពលជាងគេនៅកម្ពុជា និងក្លាយជាទីលានប្រណាំងកង់ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក្នុងឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូង ។
លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡា ទោចក្រយាន បានលើកឡើងថា ភូមិសាស្រ្តនៅតំបន់ខាងលើនេះ វាពិតជាសក្តិសមសម្រាប់ការរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ ដោយសារតែជាតំបន់ទេសចរណ៍។ ម្យ៉ាងទៀតប្រភពធនធាន កីឡាករ-កីឡាការិនី គ្រូបង្វឹកភាគច្រនក៏កើតចេញពីខេត្តតំបន់ទេសចរណ៍ និងវប្បធម៌នេះផងដែរ ។
លោក នូ ចំរើន បានបន្ថែមថា ខេត្តសៀមរាប មានហេដ្ឋារចនាសម្ព័នតំបន់ទេសចរណ៍ជាច្រើនដូចជាព្រលានយន្តហោះ ផ្លូវថ្នល់ ទីតាំងប្រាសាទបុរាណ ឧទ្យានភ្នំគូលែន ដែលអាចរៀបចំការប្រកួតប្រភេទ កង់ភ្នំ កង់គក់ ដែលក្រុមការងារបច្ចេកទេសបានចុះទៅត្រួតពិនិត្យម្ដងរួចមកហើយ ។
ដោយឡែកខេត្តព្រះសីហនុ គឺជាតំបន់ឆ្នេរសមុទ្រ ដែលមានភាពទាក់ទាញ ដែលសហព័ន្ធធ្លាប់បានរៀបចំការប្រកួតកីឡាប្រណាំងកង់ពិភពលោក ដោយជោគជ័យម្ដងហើយ កាលពីដើម ឆ្នាំ២០២០។ ខេត្តឆ្នេរសមុទ្រមួយនេះ នឹងអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមទស្សនាគាំទ្រព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាឆ្នាំ២០២៣ ខាងមុខ។ ចំណែកខេត្តកែប ក៏មានលក្ខណស្រដៀងគ្នានិងខេត្តព្រះស៊ីហនុផងដែរ។ នេះបើតាមអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន។
ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅចាប់ថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣។ ចំណែកការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមប្រព្រឹត្តទៅចាប់ថ្ងៃទី១-១០ ខែមិថុនា ឆ្នាំ២០២៣៕SP